បណ្តាញសង្គម

អស់លក្ខណ៍​! បើកឡានសាំយ៉ុង ពីតាកែវ ទៅលួចគោ នៅបាត់ដំបង ទាំងថ្ងៃ​!

បាត់ដំបង៖ មុខសញ្ញាមួយក្រុម ដែលបានបើកឡានសាំយ៉ុង លួចគោអ្នកភូមិទាំងថ្ងៃ ត្រូវបានប៉ូលិសខេត្តបាត់ដំបង ចាប់បានម្នាក់។ នេះបើតាមស្នងការដ្ឋាននគរបាលជាតិ។

លោកវរសេនីយ៍ឯក សន និល អធិការនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល និងលោកវរសេនីយ៍ត្រី មៀន សុចិត្រា បានដឹកនាំកម្លាំង ចាប់ជនសង្ស័យ បានម្នាក់ ឈ្មោះ ឡូញ ចាន់ថុល ហៅ ចាន់ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដេីម្បីសាកសួរ ក្នុងករណីលួចសត្វគោរបស់ប្រជាពលរដ្ឋ ទាំងថ្ងៃ។ ប៉ូលិស បានដកហូតវត្ថុតាង រួមមាន៖ រថយន្ត ០១គ្រឿង ម៉ាក សាំយ៉ុង ពណ៌ស ស៊េរីឆ្នាំ១៩៩៨ ពាក់ស្លាក លេខ បាត់ដំបង 2A-7546 ។ កន្ត្រៃកាត់ដែក ពណ៌លឿង ចំនួន ០១។ កណ្តៀវ ចំនួន ០១។

មូលហេតុ ដែលឈានដល់ការឃាត់ខ្លួននេះ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្រកាសថា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង៣០ នាទី នៅភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីមុខសញ្ញាលួចសត្វគោ ០១ ករណី ដោយក្រុមជនសង្ស័យ មានបក្សពួក ០៣នាក់ បានបើករថយន្ត ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ ស ពាក់ស្លាកលេខ បាត់ដំបង 2A-7546 ធ្វើសកម្មភាពលួចសត្វគោ ចំនួន ០៦ ក្បាល ដែលជារបស់ជនរងគ្រោះ ឈ្មោះ វ៉េត ចន្នី ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ប៉ុន្តែពេលក្រុមជនសង័្សយ កំពុងធ្វេីសកម្មភាព ក៏ត្រូវជនរងគ្រោះដឹងទាន់ ខណៈដែលសត្វគោឮសម្លេងម៉ូតូរបស់ម្ចាស់ ដែលតាមស្វែងរកវា សត្វគោទាំងនោះ បានបោលចេញពីការតាមប្រម៉ាញ់របស់ជនសង័្សយ ហេីយម្ចាស់គោ ក៏ស្រែកឆោឡោឱ្យអ្នកភូមិជួយចាប់ និងបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ភ្លាមៗ។ ប៉ុន្តែក្រុមជនសង្ស័យ បានរត់គេចខ្លួនបាត់ចំនួន ០២នាក់ នៅសល់ម្នាក់ ដែលប៉ងបេីករថយន្តគេចខ្លួន តែបេីករត់មិនរួច។

ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព