បណ្តាញសង្គម

១០​ថ្ងៃ​ហើយ​​ ​សមត្ថកិច្ច​ពុំ​ទាន់​មាន​តម្រុយ​មុខ​សញ្ញា​​គាស់​ផ្ទះ​មន្ត្រី​ប៉ូលិស​ព្រំដែន​​ម្នាក់

ខេត្តបាត់ដំបង ៖ បើគិតត្រឹមថ្ងៃទី០៧ ធ្នូ នេះ មានរយៈពេល១០ថ្ងៃគត់ដែលជនមិនស្គាល់មុខ បានធ្វើសកម្មភាពគាស់ផ្ទះមន្ត្រីនគរបាលវរព្រំដែនគោកម្នាក់លួចយកអស់នូវគ្រឿងអលង្ការ និងកាំភ្លើងខ្លីមួយដើមគេចខ្លួនដោយសុវត្ថិភាព តែរហូតមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់មានតម្រុយសូម្បីប៉ុនក្រចក ពីមុខសញ្ញាជនសង្ស័យឡើយ ។

នេះបើតាមការការផ្ដល់ព័ត៌មានចុងក្រោយពីលោកស្នងការរងទទូលផែនព្រហ្មទណ្ឌនៃស្នងការខេត្ត ។ លោក លឹម ពុទ្ធីឡា ស្នងការរងទទូលផែនព្រហ្មទណ្ឌបានបញ្ជាក់អំពីការស៊ើបអង្កេតលើសំណុំរឿងគាស់ផ្ទះមន្ត្រីនគរបាលព្រំដែននេះប្រាប់កោះសន្តិភាព កាលពីព្រឹកថ្ងៃទី០៧ ធ្នូ ដោយនិយាយថា «រហូតមកដល់ពេលនេះ យើងមិនទាន់មានតម្រុយបន្តិចសោះពីមុខសញ្ញាជនសង្ស័យដែលគាស់ផ្ទះមន្ត្រីនគរបាលព្រំដែននៅស្រុកកំរៀង កាលពីជាងមួយសប្ដាហ៍មុននេះនៅឡើយទេ តែមន្ត្រីជំនាញនៅបន្តធ្វើការស្រាវជ្រាវនៅឡើយ» ។ សូមបញ្ជាក់ថា យោងរបាយការណ៍ដែលកោះសន្តិភាពទទូលបានមន្ត្រីនគរបាលម្នាក់ឈ្មោះ មុត ឌីណា ភេទប្រុស អាយុ៤៣ឆ្នាំ នៅអង្គភាពវរនគរបាលការពារព្រំដែនគោតលេខ៨១៩ ត្រូវបានជនមិនស្គាល់មុខចូលគាស់ផ្ទះលួចយកទ្រព្យសម្បត្តិអស់គ្មានសល់កាលពីរសៀលថ្ងៃទី២៧ វិច្ឆិកា កន្លងទៅថ្មីៗនេះ ដែលស្ថិតនៅភូមិដូងឃុំបឺងរាំង ស្រុកកំរៀង ខណៈម្ចាស់ផ្ទះនេះបិតទ្វារចាក់សោរ រួចចេញទៅក្រៅបាត់គ្មានអ្នកនៅចាំ ។

បើតាមប្រភពពីសមត្ថកិច្ចដែលដឹងរឿងនេះបានឲ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែលជាង២រសៀល លោកមុត ឌីណា និងក្រុមគ្រួសារ បានបិទទ្វារចាក់សោ និងបិទរបងខាងមុខថែមទៀត រួចនាំគ្នាចេញទៅក្រៅ ដើម្បីចូលរួមពិធីបុណ្យគេ ។ លុះនៅម៉ោង០៦ល្ងាច ពេលត្រឡប់មកដល់ផ្ទះ ទើបដឹងថា មានចោរគាស់ផ្ទះចូលលួចទ្រព្យសម្បតិ្ត ក្រោយពីឃើញកាត់ផ្ដាច់សោទ្វារ និងស្នាមរើកកាយពេញបន្ទប់ដេក និងបាត់បង់ទ្រព្យសម្បត្តិអស់គ្មានសល់ ទើបមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សម្ថកិច្ចតែម្ដង ។

បើតាមម្ចាស់ផ្ទះបានរាយការណ៍ពីការបាត់បង់ទ្រព្យសម្បតិ្ត ដែលភាគច្រើនជាគ្រឿងអលង្ការ មានខ្សែ.ក ចិញ្ចៀនពេជ្រ ក្រវិល លុយខ្មែរ លុយដុល្លា និង លុយបាត ដែលសរុបជាទឹកប្រាក់អស់ប្រហែលជិត១២,០០០ដុល្លារ ។ មិនត្រឹមតែបាត់បង់គ្រឿងអលង្ការ និងលុយកាក់ប៉ុណ្ណឹងទេ ធ្ងន់ធ្ងរជាងនេះ មន្ត្រីនគរបាលរូបនេះ បានបាត់ទាំងកាំភ្លើងខ្លីម៉ាកK.54 មួយដើមទៀតផង ។ ចំពោះករណីនេះ សមត្ថកិច្ចបានលើកឡើងថា ការបាត់បង់ទ្រព្យសម្បត្តិវាជារឿងមធ្យម ងំរឿងបាត់បង់កាំភ្លើងខ្លីនេះ គឺជាកម្មវត្ថុ ដែលត្រូវបារម្ភបំផុត អំពីបញ្ហាអសន្តិសុខ ប្រសិនបើកាំភ្លើងនេះវាធ្លាក់ក្នុងដៃជនទុច្ចរិតពិតប្រាកដមែន ។

ជនទុច្ចរិតនឹងប្រើប្រាសអាវុធខ្លីនេះ ទៅប្រព្រឹត្តបទល្មើសផ្សេងៗបន្តបន្ទាប់ទៀត បង្កើនបទល្មើសទ្វេរដងនៅក្នុងមូលដ្ឋាន ឬនៅតាមបណ្ដាស្រុក ខេត្តផ្សេងៗ ។ ដូច្នេះ សមត្ថកិច្ចជំនាញត្រូវតែតាមស្រាវជ្រាវលើករណីនេះឲ្យបានហ្មត់ចត់ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យ និងដកហូតអាវុធខ្លីដ៏គ្រោះថ្នាក់នេះយកមកវិញ ។ ដូចគ្នានឹងករណី ជនមិនស្គាល់មុខគាស់ទម្លុះទម្លាយលំនៅឋានចូលលួចយកទ្រព្យសម្បតិ្តអស់ទាំងថ្ងៃ ដែលកើតឡើងនៅក្នុងស្រុកកំរៀងនេះដែរ។ គេនៅចាំបានថា កាលពីថ្ងៃទី១៧ មីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៤រសៀល ជនមិនស្គាល់មុខ បានធ្វើសកម្មភាពគាស់ទ្វារហាងលក់ និងទិញទូរស័ព្ទមួយកន្លែងយីហោ «រឿន រ៉ូហ្សា» ដែលម្ចាស់ហាងឈ្មោះ សុខ រឿន ប្រុសអាយុ២៦ឆ្នាំ ស្ថិតនៅភូមិកំប្រ៉ង់ ឃុំតាក្រី ស្រុកកំរៀង ។

ករណីនេះ ចោរបានគាស់ទ្វារក្រោយចូលទៅប្រមូលលួចយកទូរស័ព្ទចម្រុះម៉ាកតាមអំពើចិត្តអស់ពីទូប្រមាណ៦០គ្រឿង រួចគេចខ្លួនបាត់ទាំងថ្ងៃដោយសុវត្ថិភាព ខណៈម្ចាស់ហាងបិទទ្វារចាក់សោទុកចោល រួចនាំគ្នាទៅចូលរួមពិធីភ្ជាប់ពាក្យបងប្អូន ។ ម្ចាស់ហាងលក់ទូរស័ព្ទបានដឹងរឿងនេះ នៅពេលល្ងាចថ្ងៃដដែល ពេលត្រឡប់មកពីចូលរួមពិធីភ្ជាប់ពាក្យបងប្អូនវិញ ទើបមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ច ។ បើគិតត្រឹមថ្ងៃទី០៧ ធ្នូ ឆ្នាំ២០២៣ នេះ អំពើចោរកម្ម គាស់ហាងលក់ទិញទូរស័ព្ទខាងលើនេះ បានកើតឡើងស្ទើរជិតមួយឆ្នាំកន្លងមកហើយ តែសមត្ថកិច្ចនៅតែស្ងាត់ឈឹងដូចចោរលួចសេះឮដដែលពីតម្រុយនៃមុខសញ្ញាជនសង្ស័យ សូម្បីប៉ុនក្រចក ។ ឥឡូវបន្ថែមបទល្មើសថ្មីមួយករណីទៀត រឿងចោរគាស់ផ្ទះមន្ត្រីនគរបាលព្រំដែនលួចគ្រឿងអលង្ការ និង កាំភ្លើងខ្លីមួយដើម រីឯការស្រាវជ្រាវរបស់សមត្ថកិច្ចជាងមួយសប្ដាហ៍កន្លងមកហើយ នៅតែងងឹតឈឹងគ្មានដំណឹងពីជនសង្ស័យដដែលទៀត ។

លោក លឹម ពុទ្ធីឡា ស្នងការរងទទូលផែនព្រហ្មទណ្ឌបានបញ្ជាក់ដដែលៗថា ពេលហេតុការណ៍បានកើតឡើងថ្មីៗក្ដៅៗពីដំបូង ទាំងកម្លាំងការិយាល័យជំនាញ ទាំងកម្លាំងអធិការស្រុកកំរៀង បានចុះធ្វើការស្រាវជ្រាវភ្លាមៗ តែរហូតមកដល់ពេលនេះ យើងនៅតែគ្មានតម្រុយពីមុខសញ្ញាជនសង្ស័យនៅឡើយ។ លោកនិយាយថា ពេលនេះ ករណីគាស់ហាងលក់ទូរស័ព្ទកាលពីជិតមួយឆ្នាំមុនក៏គ្មានតម្រុយ រីឯករណីគាស់ផ្ទះលួចកាំភ្លើងខ្លី មន្ត្រីនគរបាលព្រំដែន ដែលកើតឡើងថ្មីៗនេះក៏គ្មានតម្រុយដូចគ្នា។ ប៉ុន្តែយ៉ាងណា មន្ត្រីជំនាញនៅតែបន្តការស៊ើបអង្កេតនៅឡើយទេ៕

ដកស្រង់ពី៖កោះសន្តិភាព