បណ្តាញសង្គម

ខឹង​សុំ​លុយ​មិន​បាន ចៅប្រុស​ប៉ងផ្តាច់ជីវិត​ជីដូន​ព្រះជន្ម៩៥​ឆ្នាំ

ខេត្តកំពង់ស្ពឺ ៖ លោកយាយអាយុ៩៥ឆ្នាំម្នាក់ត្រូវបានចៅប្រុសយកកាំបិ.តអារកញ្ចឹងករពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានកូនចៅសាច់ញាតិដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខណៈចៅប្រុសខឹងសុំលុយលោកយាយចំនួន១៥០០០រៀលមិនបាន ក៏កើតកំហឹងគិតខ្លីលែងស្គាល់ជីដូនជរាដែលមានព្រះជន្មរហូតដល់ទៅ៩៥ឆ្នាំទៅហើយនោះ ។

ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិព្រៃកោះ ឃុំវល្លិ៍ សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ចៅប្រុសយកកាំបិតអារកញ្ចឹងករជីដូនខ្លួនឯងរួចមក កម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំវល្លិ៍សរ បានឃាត់ខ្លួនជនដៃដល់ត្រូវជាចៅឈ្មោះ ស៊ឹង តុង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃកោះ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ពាក់ព័ន្ធករណីខាងលើនេះ ជនសង្ស័យត្រូវជាចៅបានយកកាំបិតចិតបន្លែអារកផ្នែកខាងក្រោយ និងខ្នងជើងខាងស្តាំយាយរបស់ខ្លួន ឈ្មោះ ដុស ដឹប អាយុ៩៥ឆ្នាំ រស់នៅផ្ទះជាមួយគ្នា បណ្តាលឱ្យរងរបួសធ្ងន់នៅចំណុចផ្ទះរបស់ខ្លួន។សមត្ថកិច្ចបានបន្តទៀតថា មូលហេតុចៅប្រុសយកកាំបិតអារកលោកយាយផ្នែកខាងក្រោយនោះ គឺជនសង្ស័យបានផឹកស្រាស្រវឹងហើយបានសុំលុយយាយចំនួន១៥០០០រៀល មិនបាន ក៏ទៅយកកាំបិតកាប់ជីដូនតែម្តង ។

ហើយករណីនេះឈ្មោះ ស៊ឹង ភីលី ភេទប្រុស អាយុ៦៩ឆ្នាំ ត្រូវជាកូនជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅលើឈ្មោះ ស៊ឹង តុង ឲ្យចាត់ការតាមច្បាប់។ នគរបាលបានបញ្ជាក់ថា ក្រោយពីជំនាញសួរនាំ ជនសង្ស័យជាចៅខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកូនកាំបិតអារកយាយរបស់ខ្លួនពិតប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្ទិភាព