បណ្តាញសង្គម

​អ៊ិ​ច​ស្តា​ស៊ី និង​កេ​តា​មីន ជិត​១​គីឡូ រួមជាមួយ​ឈ្មួញ​៣​នាក់ ត្រូវបាន​ចាប់​បញ្ជូន​ទៅ​តុលាការ​

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ចូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ធ្វើការឃាត់ខ្លួន និងបញ្ជូនជនសង្ស័យចំនួន៣នាក់ ជាមួយសារធាតុញៀនជិត១គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដែលសំណុំរឿងនេះត្រូវបានតំណាងអយ្យការកំពុងបើកការស៊ើបសួរ ។

ជនសង្ស័យ៣នាក់ រួមមាន ៖ ១-ឈ្មោះ បឿន សុខលាភ ភេទប្រុស អាយុ២០ឆ្នាំ ២-ឈ្មោះ ហេង វណ្ណនិត ភេទប្រុស អាយុ២៥ឆ្នាំ និង៣-ឈ្មោះ សុវណ្ណ រាជ ភេទប្រុស អាយុ២៥ឆ្នាំ ។

ការបង្ក្រាបបទល្មើសរក្សាទុក និងជួញដូរគ្រឿងញៀ.នដោយខុសច្បាប់នេះ ជាការអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់ឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀ.ន និងការដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចនគរបាលជំនាញ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ន បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀ.នមួយករណី នៅចំណុចលើផ្លូវលេខ១៣៨ ខាងក្រោយវិទ្យាល័យសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាមួយវត្ថុតាងសារធាតុញៀនជិត១គីឡូក្រាម ក្នុងនោះសារធាតុញៀ.នប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៩៥០.៩៧ ក្រាម និងសារធាតុញៀ.នប្រភេទ កេតាមីន (KETAMINE) ទម្ងន់៦.៨២ក្រាម ។ ដោយយោងទៅលើករណីបង្ក្រាបជាបទ ល្មើសជាក់ស្តែង និងដកហូតវត្ថុតាងនៅក្នុងដៃជនសង្ស័យសមត្ថកិច្ច បានកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព