បណ្តាញសង្គម

បុរស​ម្នាក់​លួ​.​ច​ម៉ូតូ​កង់​បី​រត់ ម្ចាស់​ឃើញ​ទាន់​ដេញ​តាម​ចាប់​បាន ស្វាគមន៍​យ៉ាង​ចាស់ដៃ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់បាន រួចស្វាគមន៍យ៉ាងចាស់ដៃ បន្ទាប់ពីធ្វើសកម្មភាពលួ.ចម៉ូតូកង់បីមួយគ្រឿង ដែលម្ចាស់គេចតចាក់សោទុកនៅខាងមុខបន្ទប់ជួល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ភូមិចុងខ្សាច់ តាមបណ្តោយអតីតផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ទទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

 

តាមប្រភពពីបុរសជាជនរងគ្រោះឈ្មោះ ម៉ាប់ អាយុ៣០ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួលក្បែរវត្តទួល ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បានរៀបរាប់ប្រាប់ឲ្យដឹងថា «នៅមុនពេលនៅមុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូកង់បីរបស់គាត់ទៅឈប់ចតនៅខាងមុខបន្ទប់ជួលដែលខ្លួនស្នាក់នៅ ដោយបានចាក់សោច្រវាក់២តង់ បន្ទាប់មកជនរងគ្រោះក៏បានចូលទៅសំរាកនៅខាងក្នុងបន្ទប់របស់ខ្លួន»។ បុរសខាងលើបន្តថា «លុះដល់វេលាកើតហេតុ ជនរងគ្រោះក៏បានភ្ញាក់ដឹងខ្លួន និងចូលទៅបន្ទប់ទឹកបត់ជើង ខណៈពេលនោះក៏លឺសូរសំឡេងម៉ូតូកង់បីរបស់ខ្លួនបញ្ឆេះ និងជិះចេញទៅតែម្ដង។

បន្ទាប់មក ជនរងគ្រោះក៏ស្ទុះចេញទៅក្រៅបន្ទប់ ក៏ស្រាប់តែឃើញជនសង្ស័យលួ.ចនិងជិះម៉ូតូកង់បីចេញទៅយ៉ាងលឿន ហើយជនរងគ្រោះក៏ស្រែកថា «ចោរៗ» បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង នាំគ្នាទាញម៉ូតូដឹកជនរងគ្រោះដេញតាមពីក្រោយជនសង្ស័យ និងព្យាយាមស្ទាក់ចាប់ ប៉ុន្តែជនសង្ស័យនៅតែបន្តជិះរត់គេចខ្លួន»។

ប្រភពដដែលបន្តថា «លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យក៏ជិះម៉ូតូកង់បីទៅបុ.កបង្គោលភ្លើង បណ្ដាលឱ្យទៅមុខលែងរួច ទើបជនសង្ស័យរូបនោះចុះរត់គេចខ្លួន ប៉ុន្តែត្រូវប្រជាពលរដ្ឋជួយស្ទាក់ចាប់បាន និងស្វាគមន៍ម្នាក់មួយដៃមួយជើង ធ្វើឲ្យជនសង្ស័យរងរបួសធ្ងន់ធ្ងរ រហូតសន្ល.ប់ស្ដូ.កស្ដឹ.ង។

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង»។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនជនរងគ្រោះទៅធ្វើការដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ។ ដោយឡែក ជនសង្ស័យវិញ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ដើម្បីរង់ចាំចាត់ការទៅតាមនីតិវិធីជាបន្តទៀត៕

ដកស្រង់ពី៖កោះសន្តិភាព