បណ្តាញសង្គម

​មិនដឹងមានគ្នាប៉ុន្មាននាក់​ទេ ​ហ៊ាន​លួ.ច​កាត់​ខ្សែភ្លើង សូ​ម្បី​តែ​មុខ​ប៉ុស្តិ៍​នគរបាល​

រាជធានីភ្នំពេញ ៖ ចោរចិត្តស្លុយមិនដឹងថាមានគ្នាប៉ុន្មាននាក់នោះទេ សូម្បីតែនៅនឹងមុខប៉ុស្តិ៍នគរបាលកន្ទោកទៅហើយ ក៏ហ៊ានធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើងអស់ជាច្រើនម៉ែត្រដែរ បន្ទាប់មកបានគេចខ្លួនបាត់អស់ដោយសុវត្ថិភាព ដែលជាហេតុបណ្ដាលឲ្យអ្នករស់នៅតំបន់នោះគ្មានចរន្តអគ្គិសនីប្រើប្រាស់អស់រយៈពេលជាច្រើនម៉ោង។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាទៀបភ្លឺថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខប៉ុស្តិ៍រដ្ឋបាលនគរបាលកន្ទោក ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងខាងលើ ខណៈពួកគាត់កំពុងតែដេកលង់លក់ស្រាប់តែដាច់ចរន្តភ្លើងបង្កឲ្យងងឹតសូន្យសុង ហើយកង្ហារ ម៉ាស៊ីនត្រជាក់ ទូទឹកកកផ្សេងៗលែងដំណើរការបានទាំងអស់។

ភ្លាមៗនោះពួកគាត់ពុំនឹកស្មានថាមានចោរលួចកាត់ខ្សែភ្លើងបែបនេះឡើយ ដោយគិតថាប្រហែលជាខាងអ្នកជំនាញអគ្គិសនីបិទភ្លើងបណ្ដោះអាសន្ន ដើម្បីធ្វើការជួសជុលប្រព័ន្ធគ្រឿងបរិក្ខាដែលខូច ។ ប៉ុន្តែក្រោយពេលចាំបាត់ៗរហូតដល់វេលាម៉ោង១១ព្រឹកថ្ងៃដដែលនៅតែមិនទាន់មានភ្លើងប្រើទៀត ហើយធ្វើឲ្យការរកស៊ីការធ្វើអាជីវកម្ម សិប្បកម្មនានា ពាក់ព័ន្ធនឹងចរន្តភ្លើងត្រូវអាក់ខានផងនោះ ទើបពួកគាត់ទំនាក់ទំនងទៅកាន់ខាងមន្ត្រីអគ្គិសនីបានដឹង។ តាមប្រភពខាងលើបានបញ្ជាក់ប្រាប់បន្ថែមទៀតថា ក្រោយមកខាងមន្ត្រីអគ្គិសនីបានចុះធ្វើការស្រាវជ្រាវទើបដឹងដឹងថា ការដាច់ភ្លើងនោះបណ្ដាលមកពីចោរលួចកាត់ខ្សែភ្លើងមេអស់ជាច្រើនម៉ែត្រនៅនិងមុខប៉ុស្តិ៍នគរបាលកន្ទោក ខណ្ឌកំបូលតែម្ដង ។

បើតាមការអះអាងពីមន្ត្រីអគ្គិសនីថា ខ្សែភ្លើងដែលចោរលួចកាត់យកទៅនោះគិតជាប្រាក់ចំនួនប្រមាណជាង១ពាន់ដុល្លារ ហើយក្រោយមកមន្ត្រីទាំងនោះបានធ្វើការតភ្ជាប់ជូនមន្ត្រីរាជការនិងប្រជាពលរដ្ឋបានប្រើប្រាស់វិញហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព