បណ្តាញសង្គម

បុគ្គលិក​កាស៊ីណូ​២​នាក់​លួ.ច​កាក់​ឈី​ប​​៣​ខែ​បាន​ជាង​៣០​ម៉ឺន​បាត​ ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចែករំលែក

ខេត្តបន្ទាយមានជ័យ ៖ ឃាត់ខ្លួនបុគ្គលិកកាស៊ីណូ២នាក់ដែលលួចកាក់ឈីបរយៈពេល៣ខែបានជាង៣០ម៉ឺនបាត ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យ២នាក់រួមមាន១-ឈ្មោះ ឡូញ ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ២-ឈ្មោះ វុន ណូរី ភេទប្រុស អាយុ៤៣ឆ្នាំ (ជនសង្ស័យទាំង២នាក់ជាបុគ្គលិកបម្រើការកាស៊ីណូហ្គោដវើល) រស់នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ លោកបានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងរបស់ឈ្មោះ គឹម ស៊ាងលី ភេទប្រុស អាយុ៤២ឆ្នាំ (តំណាងក្រុមហ៊ុនកាស៊ីណូហ្គោដវើល) រស់នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្តឹងជនសង្ស័យ២នាក់ជាបុគ្គលិកកាស៊ីណូបានធ្វើសកម្មភាពលួចកាក់ឈីបរបស់ក្រុមហ៊ុនកាស៊ីណូហ្គោដវើល ធ្វើបាត់លុយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងកម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតមាន កាក់ឈីបលេខ៥.០០០ចំនួន១កាក់ ម៉ូតូហុងដាឌ្រីម១គ្រឿង ខ្សែករមាស១ខ្សែ ខ្សែដៃមាស១ខ្សែ ចិញ្ចៀនមាស១វង់ ប័ណ្ណសម្គាល់រថយន្ត១សន្លឹកUSBផ្ទុកទិន្និន័យវីដេអូរមួយឃាត់កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ក្រោយឃាត់ខ្លួនជនសង្ស័យ២នាក់នាំយកមកសាកសួរនៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានសារភាពថាខ្លួនពិតបានធ្វើសកម្មភាពលួចកាក់ឈីបរបស់ក្រុមហ៊ុនកាស៊ីណូយកកាក់ឈីប១កាក់មានតម្លៃ៥.០០០បាត់ហើយធ្លាប់ធ្វើសកម្មភាពលួច ក្រោយធ្វើការបាន៣ខែ លួចកាកឈីបប្រហែល៣០០.០០០បាត ក្រោយសាកសួរហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព