បណ្តាញសង្គម

ប្ដីប្រាប់ថា ទៅបើករថយន្ត នៅខេត្តកំពត តែប្រពន្ធអត់ជឿ តាមដាន ឃើញកំពុងដេក​ជាមួយស្រី នៅចោមចៅ

ភ្នំពេញ៖ បុរសម្នាក់ ជាអ្នកបើកបររថយន្ត បានប្រព្រឹត្តនូវរឿងច្រំដែលៗ ជាន់ដានចាស់ មិនឈប់ ដោយគាត់បានលួចលាក់មានស្រីក្រៅ ក្បត់ចិត្តប្រពន្ធម្ដងហើយម្ដងទៀត មិនព្រមកែខ្លួនទាល់តែសោះ រហូតធ្វើឲ្យប្រពន្ធ អស់ទំនុកចិត្ត ក៏បានតាមដានគាត់ជាប់រហូត។

ដោយឡែក នៅចុងក្រោយនេះ គាត់បានប្រាប់ប្រពន្ធថា ទៅបើករថយន្តឲ្យគេ នៅឯខេត្តកំពត ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ ប៉ុន្តែក្រោយចេញផុតពីផ្ទះ មានទៅខេត្តកំពតឯណា បែរជាមកដេកជាមួយស្រីស្នេហ៍ នៅក្នុងបន្ទប់ជួលទៅវិញ ហើយត្រូវប្រពន្ធតាមទាន់ ផ្អើលទាំងល្ងាច។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤ និង ៣០នាទី ល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលមួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្ដីប្រពន្ធ ១គូនោះ ពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ពួកគាត់ រស់នៅឯស្រុកកោះធំ ខេត្តកណ្ដាល ហើយក្រោយពេលអាជ្ញាធរភូមិ និងប្រជាការពារភូមិ ទៅសម្របសម្រួល និងការពារមិនឲ្យកើតមានអំពើហឹង្សារួចមក ពួកគាត់ទាំង ២នាក់ រួមទាំងស្រីស្នេហ៍របស់ប្ដី បាននាំគ្នា ចាកចេញទៅបាត់អស់។

ប្រភពពីកន្លែង បានឲ្យដឹងថា បុរសជាប្ដីរូបនោះ បានលួចលាក់មានស្នេហាជាមួយស្រីក្រៅ ក្បត់ចិត្តប្រពន្ធរបស់ខ្លួន ហើយកន្លងមក បានជួបរួមមេត្រីជាមួយស្រីម្នាក់នោះ ក្នុងបន្ទប់ជួលខាងលើនេះ និងធ្លាប់ត្រូវបានប្រពន្ធ តាមទាន់ បង្កឲ្យមានការភ្ញាក់ផ្អើលម្ដងរួចមកហើយដែរ។បន្ទាប់មក ក៏ស្ងាត់មួយរយៈ តែប្រពន្ធ អស់ទំនុកចិត្តលើគាត់ទៀតហើយ ម្យ៉ាងទៀត ការរស់នៅ មិនសូវចុះសម្រុងនឹងគ្នា ដូចមុនទៀតឡើយ ព្រោះតែគាត់ មិនព្រមកែខ្លួន នៅតែប្រព្រឹត្តរឿងចាស់ដដែលៗទៀត។

ប្រភពដដែល បានឲ្យដឹងបន្តទៀតថា លុះដល់ថ្ងៃកើតហេតុ បុរសនេះ បានប្រាប់ប្រពន្ធថា ទៅបើករថយន្តឲ្យគេ នៅឯខេត្តកំពត រួចក៏ជិះម៉ូតូ ១គ្រឿង ចាកចេញពីផ្ទះបាត់ទៅ ប៉ុន្តែក្រោយចេញផុតពីផ្ទះ គាត់អត់បានទៅខេត្តកំពតនោះទេ បែរជាមកភ្នំពេញ ជួបជាមួយស្រីស្នេហ៍ នៅក្នុងបន្ទប់ជួលខាងលើទៀត។ ចំណែកឯប្រពន្ធ បានតាមដានជាប់រហូតដែរ ហើយខណៈគាត់កំពុងត្រេកត្រអាលជាមួយស្រីស្នេហ៍ ក្នុងបន្ទប់ ស្រាប់តែប្រពន្ធ ទៅទាន់។

លើកនេះខុសពីលើកមុន ដោយប្រពន្ធ បានយកខ្សែចងទ្វារបន្ទប់ពីខាងក្រៅជាប់ រួចស្រែកឆោឡោ និងប្ដឹងអាជ្ញាធរភូមិ និងប្រជាការពារភូមិ ឲ្យជួយអន្តរាគមន៍ បង្កការភ្ញាក់ផ្អើលទាំងល្ងាច។ ប្រភពខាងលើ បានបញ្ជាក់បន្ថែមថា ក្រោយពីកើតមានរឿងបែបនេះ អាជ្ញាធរភូមិ និងប្រជាការពារភូមិ បានទៅកាន់ទីនោះភ្លាមៗ ការពារមិនឲ្យកើតមានអំពើហឹង្សានោះឡើយ។ បន្ទាប់មក អាជ្ញាធរ បានស្រាយទ្វារឲ្យបុរស ជាប្ដី ចេញមក ដើម្បីសម្របសម្រួលគ្នា ដោយស្រ្តីជាប្រពន្ធបានទាមទារឲ្យប្ដី ផ្ដិតមេដៃ លែងលះគ្នា ហើយបុរសនោះ ក៏បានយល់ព្រមតាម។

ប៉ុន្តែគ្រាន់តែអាជ្ញាធរ ស្រាយខ្សែបើកទ្វារ ស្រាប់តែបុរសនោះ បានដើរចេញក្រៅ បន្ទាប់មក បានប្រញាប់ប្រញាល់ អូសម៉ូតូជិះចេញទៅបាត់ ហើយប្រពន្ធ ក៏បានទៅតាមប្ដី។ ចំណែកស្រីស្នេហ៍ ក៏ចាកចេញទៅបាត់ដែរ៕

ដកស្រង់ពី៖កោះសន្តិភាព