បណ្តាញសង្គម

ក្រុម​ឧក្រិ.ដ្ឋជន​ជួញដូរ​គ្រឿងញៀ.ន​ដ៏​ធំ ត្រូវចាប់ខ្លួនរួម​នឹង​គ្រឿងញៀ.ន​ជិត​១៧​គីឡូ

ខេត្តព្រៃវែង៖ ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនដ៏ធំមួយក្រុម រួមនឹងគ្រឿងញៀនជាច្រើនប្រភេទសរុបជិត១៧គីឡូ ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែងបង្ក្រាបបាន និងបញ្ជូនទៅតុលាការ ។

ប្រតិបត្តិការបង្ក្រាបករណីខាងនេះបានធ្វើឡើង ក្រោយពីកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការធ្វើវិធានការរដ្ឋបាលចំហរ ក្នុងចំណុចគោលដៅផ្លូវជាតិលេខ១ នៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ ស្ថិតក្នុងភូមិជម្រុះ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាជនជាតិវៀតណាម រួមនិងបក្ខពួក ដែលត្រូវបានឃាត់ខ្លួនមានចំនួន៣នាក់ រួមមាន ១-ឈ្មោះ ហ្វាមថី មិនហុង (PHẠM THỊ MINH HỒNG ) ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម ២-ឈ្មោះ កៅថី ធីវឹង (CAO THI THUỶ VÂN) ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម និង៣-ឈ្មោះ ហ្វាម កៅអាន់ទឹង (PHAM CAO ANH TUẤN) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម ។

ក្នុងចំណោមអ្នកទាំង៣ ជនសង្ស័យឈ្មោះ កៅថី ធីវឹង (CAO THI THUỶ VÂN) ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម គឺមានដីកាបង្កាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនតាមសាលក្រមស្ថាពរលេខ ២១០ បគ ចខឃ/២២ ចេញដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឌិន ស៊ីវុទ្ធី ដោយអនុវត្តទោស ដាក់ពន្ធនាគារកំណត់មួយជីវិត ស្តីពីបទល្មើស ផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុក ដឹកជញ្ជូន ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ហ្វាមថី មិនហុង បានហៅតាក់ស៊ី ដើម្បីដឹកខ្លួន និងបក្ខពួក ២នាក់ទៀត (ជនជាតិវៀតណាមទាំង ៣នាក់) រួមនិងគ្រឿងញៀនមួយចំនួន (ច្រកថង់បិទជិត) នៅចំណុចផ្ទះរបស់ជនសង្ស័យស្ថិតក្នុងបុរីមួយកន្លែង ស្ថិតក្នុងភូមិខ្ទរ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ គោលបំណងដឹកចេញពីរាជធានីភ្នំពេញឆ្ពោះទៅក្រុងបាវិត ខេត្តស្វាយរៀង ។

លុះធ្វើដំណើរមកដល់ចំណុចគោលដៅត្រួតពិនិត្យ ចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជម្រុះ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយមានព័ត៌មានពីភ្នាក់ងារផងនោះ កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រៃវែង សុំកិច្ចសហការពីម្ចាស់រថយន្ត ដើម្បីធ្វើការត្រួតពិនិត្យ ក៏ប្រទះឃើញម្សៅពណ៌សចំនួន ២ដុំ សង្ស័យជាសារធាតុញៀន និងម្សៅពណ៌កាហ្វេចំនួន១ដុំធំ សង្ស័យជាសារធាតុញៀន រួមទាំងសម្ភារៈវេចខ្ចប់ជាច្រើនទៀត ។ បន្ទាប់ពីត្រួតពិនិត្យ និងសួរនាំបឋម ជនសង្ស័យឈ្មោះ ហ្វាមថី មិនហុង បានសារភាពថា វត្ថុតាង និងសម្ភារៈខាងលើ គឺជារបស់ខ្លួន ។ ភា្លមៗកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៏បាននាំខ្លួនជនសង្ស័យទាំង ៣នាក់រួម និងវត្ថុតាង មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីធ្វើការសួរនាំបន្ថែមតាមនីតិវិធី ។

ក្រោយសួរនាំ កម្លាំងនគរបាលខេត្តព្រៃវែង បាននាំខ្លួនជនសង្ស័យឈ្មោះ ហ្វាមថី មិនហុង ទៅចង្អុលបង្ហាញទីតាំងផ្ទះរបស់ខ្លួន ស្ថិតនៅរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីឆែកឆេររកឃើញគ្រឿងញៀនជាច្រើនប្រភេទបន្ថែមទៀត ។ ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលខេត្តព្រៃវែង ចាប់បានគ្រឿងញៀនជាច្រើនប្រភេទរួមមាន៖ ១-ម្សៅពណ៌សទម្ងន់ ៧០៤,៤៣ ក្រាម (ហេរ៉ូអ៊ីន) ២-ម្សៅពណ៌ត្នោត ៩៩៣,៨៣ ក្រាម (MDMA) ៣- ម្សៅម៉ត់ ១១៣,៥៥ ក្រាម (MDMA) ៤-ម្សៅពណ៌ស ១,៩៩ ក្រាម (មេតំហ្វេតាមីន) ៥-ម្សៅពណ៌សម៉ត់ ១៧៧,៥១ ក្រាម (កេតាមីន) ៦-រុក្ខជាតិក្រៀម ២.៥១២ ក្រាម ៧-ម្សៅចំរុះ ១២.២៨៨ ក្រាម (មិនទាន់ច្បាស់លាស់) រួមនិងសម្ភារៈមួយចំនួនធំទៀត ។ សរុបម្សៅ និងរុក្ខជាតិដែលសង្ស័យជាសារធាតុញៀនគឺមានប្រមាណជិត ១៧ គីឡូក្រាម ។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបាននគរបាលខេត្តព្រៃវែង កសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ចាត់ការបន្តតាមនីតិវិធីច្បាប់រួចហើយ៕

ដកស្រង់ពី៖កោះសន្តិភាព