បណ្តាញសង្គម

អាជ្ញាធរខណ្ឌទួលគោក នឹងអនុវត្តវិធានការ​រដ្ឋបាល រុះរើតូបលក់ដូរ នៅជុំវិញ​មន្ទីរ​ពេទ្យកុមារ​ជាតិ នៅថ្ងៃសុក្រ សប្តាហ៍នេះ

ភ្នំពេញ៖ «ករណីសណ្តាប់ធ្នាប់ ជុំវិញមន្ទីរពេទ្យកុមារជាតិ បងប្អូនអាជីវករមួយចំនួនធំ បានចូលរួមសហការជាមួយអាជ្ញាធរខណ្ឌហើយ ដោយបានរុះរើរួចរាល់ និងកំពុងរុះរើបន្ថែមទៀត។ នៅសេសសល់មួយចំនួនតូច ដែលមិនទាន់រុះរើ ហើយបើមិនអនុវត្ត តាមខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌទេ នឹងអនុវត្តវិធានការរដ្ឋបាល នៅថ្ងៃសុក្រសប្តាហ៍នេះ»។

នេះបើតាមលោក ជា ពិសី អភិបាលខណ្ឌទួលគោក បានបញ្ជាក់នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នេះ។ អាជ្ញាធរខណ្ឌទួលគោក បានចេញសេចក្តីជូនដំណឹង ដោយប្រកាសទុកពេល ១សប្តាហ៍ ដល់អ្នកលក់ដូរ នៅតាមរបងពេទ្យកុមារជាតិ ត្រូវរុះរើចេញ ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

ការលក់ដូរតាមរបងពេទ្យកុមារជាតិ ត្រូវបានអាជ្ញាធរខណ្ឌទួលគោក លើកឡើងថា បង្កការបាត់បង់សណ្តាប់ធ្នាប់សាធារណៈ បង្កការកកស្ទះចរាចរណ៍ ហើយការលក់ដូរទាំងនោះ រំលោភលើចិញ្ចើម និងទ្រូងផ្លូវសាធារណៈ។

សូមរម្លឹកថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ អាជ្ញាធរខណ្ឌទួលគោក ក្រោមការដឹកនាំរបស់លោក ជា ពិសី បានរៀបចំសណ្ដាប់ធ្នាប់ នៅរបងពេទ្យកុមារជាតិ ដោយអនុវត្តវិធានការក្ដៅ បញ្ឈប់ការលក់ដូរ ជាពិសេសការចតយានយន្តអនាធិបតេយ្យ លើចិញ្ចើមផ្លូវ ដែលបង្កបញ្ហាកកស្ទះចរាចរណ៍ និងអសណ្ដាប់ធ្នាប់សាធារណៈ។ ក៏ប៉ុន្តែបានតែបន្តិច ស្ថានភាពនៅរបងពេទ្យកុមារជាតិ បានវិលទៅរកសភាពដើមវិញ ដោយមានអ្នកចតម៉ូតូ ឡាន និងអ្នកលក់ដូរតាមរបងពេទ្យដដែល៕

ដកស្រង់ពី៖កោះសន្តិភាព