បណ្តាញសង្គម

​ម៉ូតូ​បងស្រី​មិន​បាន វា.យ​​ខ្ទេច រត់គេច​បាន​៦​ថ្ងៃ​ត្រឡប់​មក​វិញ ត្រូវពលរដ្ឋចាប់ឱ្យសមត្ថកិច្ច​

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យនគរបាល ខណៈដែលជនសង្ស័យខាងលើខ្ចីម៉ូតូបងស្រីខ្លួនឯងមិនបាន ក៏ទាញចបជីវាយកំទេច ហើយរត់គេចខ្លួនបាន៦ថ្ងៃត្រឡប់មកវិញ ដៃមានកាន់ស្នរចាក់ត្រីនិងដាវកែច្នៃដើរអុកឡុកពេញភូមិបង្កឱ្យមានការភ្ញាក់ផ្អើល។

ករណីប្រជាពលរដ្ឋឃាត់ខ្លួនជនសង្ស័យប្រគល់ឱ្យនគរបាលចាត់ការតាមផ្លូវច្បាប់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាលបាននិយាយឱ្យដឹងថា ជនសង្ស័យដែលត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យនគរបាល ឈ្មោះ នូ សុផា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នគរបាលបានបន្តទៀតថា ឈ្មោះ នូ សុខគីម ភេទស្រី អាយុ៤២ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ជនសង្ស័យ រស់នៅភូមិ ឃុំជាមួយគ្នា និងប្រជាពលរដ្ឋ បានឃាត់ជនសង្ស័យប្រគល់ឱ្យនគរបាល ពាក់ព័ន្ធករណី ធ្វើអោយខូចខាតដោយចេតនា។

នគរបាលបានបន្តថា កាលពីវេលាម៉ោង៥និង៤៥ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ចំនុចភូមិ ឃុំខាងលើ នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ នូ សុផា បានយកចបជីកដែក ទៅវាយបំផ្លាញម៉ូតូរបស់ឈ្មោះ នូ សុខគីម ០១គ្រឿង ម៉ាកប៊ីត ពណ៌ក្រហម លាយស ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1M-9297 បណ្ដាលឱ្យខូចខាតផ្នែកខាងមុខ ពេលធ្វើសកម្មភាពរួចជនបង្កបានរត់គេចខ្លួនបាត់។

នគរបាលបានបន្ថែមទៀតថា លុះមកដល់វេលាម៉ោង៦និង៣០ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ជនសង្ស័យបានត្រឡប់មកផ្ទះវិញ ដោយមានកាន់ស្នរចាក់ត្រីចំនួន០១ និងដាវច្នៃចំនួន១ក្នុងដៃ ហើយបានបង្កការអុកឡុក រករឿងអ្នកជិតខាង ទើបបងប្អូន និងអ្នកភូមិនាំគ្នាចាប់យកមកប្រគល់ជូនសមត្ថកិច្ចតែម្ដង។

ក្រោយការសាកសួរជនសង្ស័យបានឆ្លើយសារភាពថារូបខ្លួនពិតជាបានធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើប្រាកដមែន ព្រោះខឹងខ្ចីម៉ូតូរបស់បងស្រីខាងលើជិះមិនបាន។ នគរបាលបានបញ្ជាក់ថា កាលពីពេលកន្លងទៅ ជនសង្ស័យខាងលើធ្លាប់ជាប់ពន្ធនាគារព្រៃស អស់រយៈពេល៤ឆ្នាំ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា នៅភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព