បណ្តាញសង្គម

តុលាការ សម្រេចឃុំខ្លួន អ្នកបើកឡាន Jeep បុកមនុស្សស្លា.ប់ហើយ​

រាជធានីភ្នំពេញ៖ ទីបំផុត ជនបង្ក ដែលជាអ្នកបើកបររថយន្ដទំនើបម៉ាក Jeep បណ្តាលឲ្យបុកស្លា.ប់អ្នកដទៃនៅកន្លែង ត្រូវបានចៅក្រមស៊ើបសួរអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ និងឃុំខ្លួនជនសង្ស័យនោះ នៅពន្ធនាគារជាបណ្តោះអាសន្នហើយ នៅពន្ធនាគារ PJ ក្រោយការប៉ូលិសបានបញ្ជូនជននោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ នេះ។

ដីកាបង្គាប់ឱ្យឃុំខ្លួន ចេញដោយចៅក្រម ហុង ម៉ារីណិច នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេចចោទប្រកាន់ យុវជន ព្រហ្មវិចិត្រ សុសក្តា ដែលកំពុងរៀនថ្នាក់អនុបណ្ឌិត ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិ ស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យស្លា.ប់អ្នកដទៃ និងបទរត់គេចខ្លួន» តាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ។

មាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានចែងថា «ជនណា ដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាពត្វកិច្ច ដែលបទប្បញ្ញតិ ស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឲ្យស្លា.ប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ ពិន័យជាប្រាក់ពី៤០០០០០០ (បួនលាន) រៀល ទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀល»។ ចំណែកមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ បានចែងពី «បទរត់គេខ្លួន» ដោយកំណត់ថា « អំពើប្រព្រឹត្តដោយអ្នកបើកបរយានជំនិះផ្លូវគោក ឬផ្លូវទឹក ដែលបានដឹងច្បាស់ថា ខ្លួនទើបតែបង្កឱ្យ មានគ្រោះថ្នាក់ ឬការខូចខាត ហើយមិនព្រមឈប់ ដើម្បីគេចខ្លួនពីការទទួលខុសត្រូវព្រហ្មទណ្ឌ ឬរដ្ឋប្បវេណី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល»។ ជនបង្ក ដែលជាអ្នកបើកបររថយន្ដទំនើបម៉ាក Jeep បណ្តាលឲ្យបុកស្លា.ប់បុរសម្នាក់ជិះម៉ូតូ នៅកន្លែងកើតហេតុ បានកើតឡើង ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

ភ្លាមៗ យុវជននោះ បានគេចខ្លួនពីកន្លែងកើតហេតុ ទោះបីជាគេស្គាល់អត្តសញ្ញាណច្បាស់លាស់ក៏ដោយ។ រហូតដល់ថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ ទើបយុវជន ជាកូនអ្នកមាន ឈ្មោះ ព្រហ្មវិចិត្រ សុសក្តា អាយុ ២៣ឆ្នាំ បានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា «ក្រុមគ្រួសារ និងសាមីខ្លួន បានមកប្រគល់ខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ១១ព្រឹក នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នេះ»។ បន្ទាប់ពីជនបង្កបានចូលខ្លួនទទួលស្គាល់កំហុសនោះ សមត្ថកិច្ចនគរបាលជំនាញការិយាល័យចរាចរផ្លូវគោក បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ សូមបញ្ជាក់ទៀតថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសឱ្យតុលាការចាត់វិធានការម៉ឹងម៉ាត់តាមច្បាប់លើអ្នកបើកបររថយន្ត Jeep បុកបុរសអ្នកជិះម៉ូតូស្លា.ប់រួចមក នៅថ្ងៃទី១៩ធ្នូដដែល លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យអ្នកបើករថយន្ដ Jeep ដែលបុកជនរងគ្រោះម្នាក់ស្លា.ប់ នៅខណ្ឌទួលគោកនោះ ឲ្យចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីគេចវេសមិនទទួលខុសត្រូវ។ តុលាការ បានប្រកាសថា ជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ភេទប្រុស អាយុ ២៣ឆ្នាំ ត្រូវបង្ហាញខ្លួន នៅតុលាការ ឲ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ។ ក្នុងដីកានោះ ក៏បានអនុញ្ញាតឲ្យមន្ដ្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឲ្យបុគ្គលឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ចូលបង្ហាញខ្លួននៅតុលាការ ឲ្យបានមុនថ្ងៃកំណត់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានការបញ្ចេញមតិយោបល់ផ្សេងៗគ្នា នៅតាមបណ្ដាញសង្គម គ្រាដែលអ្នកបើកបររថយន្ដបង្ក បានព្យាយាមគេចខ្លួន ក្រោយកើតហេតុ ហើយគំរាមក្រុមគ្រួសាររបស់ជនរងគ្រោះ មិនឲ្យដាក់ពាក្យបណ្ដឹង ជាថ្នូរនឹងប្រាក់ ១០០០ ដុល្លារអាមេរិក ដើម្បីបញ្ចប់រឿង ដែលធ្វើឲ្យមានការរិះគន់ ផ្ទុះលើបណ្តាញសង្គម។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CB-9963 និងម៉ូតូ បុកគ្នានៅត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហេតុការណ៍នោះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លា.ប់ភ្លាមៗនៅនឹងកន្លែង ហើយអ្នកបើករថយន្ដបានគេចខ្លួនបាត់។ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ និងសាច់ញាតិ នាំយកទៅធ្វើបុណ្យបូជាតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្តកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយ៕

ដកស្រង់ពី៖កោះសន្តិភាព