បណ្តាញសង្គម

ប្តី​ប្រើ​ហិ.ង្សា និង​គំរា.ម​សម្លា.ប់​ច្រើន​ដង ប្រពន្ធ​ដាច់​ចិត្ត​ដាក់​ពាក្យបណ្តឹង

ខេត្តកំពង់ស្ពឺ ៖ បុរសជាប្តីចិត្តខ្លាំងម្នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន ខណៈដែលបុរសរូបនេះប្រើហិ.ង្សាទៅលើប្រពន្ធ និងគំរា.មសម្លា.ប់ប្រពន្ធកូន ដោយទ្រាំទង្វើររបស់បុរសខាងលើមិនបានប្រពន្ធដាច់ចិត្តដាក់ពាក្យបណ្តឹងទៅនគរបាលតែម្តង។ ការឃាត់ខ្លួនបុរសជាប្តីខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកឱរ៉ាល់បាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនបុរសជាប្តីខាងលើ សមត្តកិច្ចបានទទួលបណ្ដឹងពីឈ្មោះ សាន សាវឿន ភេទស្រី អាយុ៤៣ ឆ្នាំរស់នៅភូមិ ក្រាំងពង្រ ឃុំ សង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្ដឹងពីឈ្មោះ ជួន ជៀន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ត្រូវជាប្ដីរបស់ខ្លួន។

នគរបាលស្រុកឱរ៉ាល់បានបន្តទៀតថា កាលពីវេលាម៉ោង៧និង៣០យប់នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កននលងទៅ នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឈ្មោះ ជួន ជៀន ជាប្ដីបានផឹកស្រាស្រវឹង វាយទាត់ធាក់មកលើខ្លួនត្រូវចង្កេះ និងរាងកាយ បណ្ដាលឱ្យឈឺត្រង់ចង្កេះ ហើយបានកាត់ផ្តាច់ខ្សែភ្លើង វាយបំផ្លិចបំផ្លាញចានឆ្នាំង ព្រមទាំងបានគំរាមសម្លាប់មកលើខ្លួនច្រើនលើកច្រើនសារកន្លងមកហើយ សំណូមពរអោយសមត្តកិច្ចចាត់ការ ជនប្រព្រឹត្តជាប្ដីទៅតាមច្បាប់។

ក្រោយពីបានទទួលបណ្ដឹងខាងលើភ្លាម កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ យើងបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យស្រាវជ្រាវ ជុំវិញរឿងហេតុខាងលើ ធ្វើការឃាត់ខ្លួនជនសង្ស័យ និងដកហូតកាំបិតកាចែតចំនួន១ដើម កាំភ្លើងកែច្នៃ១ដើម និងរំសេវ១ប្រអប់ យកមកអធិការដ្ឋាន ចាត់ការតាមនិតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព