បណ្តាញសង្គម

ម្ចាស់ផ្ទះ​រវល់​ទៅ​ចង​គោ លុះ​មក​វិញ​ឃើញ​បុរស​ម្នាក់​​កំពុង​យក​របស់របរ​ដឹក​ចេញពីផ្ទះ​ទាំង​ព្រឹក

ខេត្តសៀមរាប ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ បានចុះឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីលួ.ចទ្រព្យសម្បត្តិអ្នកដទៃ ដែលមានស្ថានទម្ងន់ទោស ថែមទាំងធ្វើតេស្តរកឃើញថា បុរសរូបនេះប្រើប្រាស់សារធាតុញៀ.នខុសច្បាប់ទៀតផង។

ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។

បើតាមប្រភពពីសមត្ថកិច្ចនគរបាលស្រុក បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នេះថា «បុរសដែលឃាត់ខ្លួនបាននោះ មានឈ្មោះ ហ៊ាន ចាន់ឌី អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង ឃុំព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នក្នុងស្រុកស្វាយលើ ខេត្តសៀមរាប»។ សមត្ថកិច្ចបន្តថា «ចំណែកជនរងគ្រោះមានឈ្មោះ ឈៀង ឆាត់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានចោទប្រកាន់ជនសង្ស័យខាងលើថា បានធ្វើសកម្មភាពលួ.ចផ្ទាំងសូឡា អាគុយ និងម៉ាស៊ីនបា.ញ់ស្មៅនៅផ្ទះរបស់ខ្លួន ខណៈពេលជនរងគ្រោះទៅចងគោបាត់ ដែលមានចម្ងាយពីផ្ទះប្រហែល៣០០ម៉ែត្រ»។ សមត្ថកិច្ចបន្តថា «លុះនៅវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ។

ខណៈពេលមកដល់ផ្ទះភ្លាម ស្រាប់តែឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពលួ.ចយកម៉ាស៊ីនបា.ញ់ស្មៅចំនួន២គ្រឿង និងផ្ទាំងសូឡា១ផ្ទាំង ព្រមទាំងអាគុយ១ផងដែរ ចេញពីផ្ទះរបស់ជនរងគ្រោះ រហូតមកដល់ផ្លូវក្រួសក្រហម ហើយបម្រុងរត់គេចខ្លួន ប៉ុន្តែពេលនោះជនរងគ្រោះឃើញទាន់ក៏រាយការណ៍ជូនមេភូមិ ប្រជាការពារ ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង រួចយកមកប្រគល់ជូនសមត្ថកិច្ច ដើម្បីធ្វើការសាកសួរតែម្ដង»។

សមត្ថកិច្ចបញ្ជាក់ថា «ក្រោយពីឃាត់ខ្លួន និងធ្វើតេស្តស្វែងរកសារធាតុញៀ.នទៅលើជនសង្ស័យរួចមក ជាលទ្ធផល គឺវិជ្ជមាន»។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ហ៊ាន ចាន់ឌី ខាងលើនេះ បានឆ្លើយសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាពលួ.ចទ្រព្យសម្បត្តិរបស់ជនរងគ្រោះពិតប្រាកដមែន»។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយលើ កសាងសំណុំរឿងបញ្ជួនបន្ត ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។ ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យម្ចាស់ដើមយកទៅប្រើប្រាស់វិញ៕

ដកស្រង់ពី៖កោះសន្តិភាព