បណ្តាញសង្គម

លោក កឹ​ម ជាតិ ចូល​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ករណី​ក្រុមហ៊ុន​មួយ​ប្តឹង​ទាមទារ​ប្រាក់​១០​ម៉ឺន​ដុល្លារ និង​ស្រា​៤៨​ដប

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោក កឹម ជាតិ អតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចូលទៅបំភ្លឺ តាមការកោះហៅរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធបណ្ដឹងរបស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ដែលប្តឹងទាមទារប្រាក់១០ម៉ឺនដុល្លារ និងស្រា៤៨ដប ។

នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការសួរនាំតាមនីតិវិធី ។ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់មុខតំណែងឧត្តមសេនីយ៍ឯក គឹម ជាតិ ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។

សូមជម្រាបថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ដែលជាក្រុមហ៊ុនផលិត ស្រាចំរុះ និងប្រេងកូឡា ប្រេងខ្យល់ បានដាក់ពាក្យបណ្ដឹងប្ដឹងក្រុមការងាររបស់អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដែលដឹកនាំដោយលោក គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ទៅអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ លើករណីទាមទារប្រាក់ចំនួន $100,000 (ដប់ម៉ឺន ដុល្លារអាមេរិក) ជាថ្នូរនឹងការបើកអោយដំណើរការអាជីវកម្មធម្មតាវិញ ។

យោងតាមពាក្យបណ្ដឹងរបស់មេធាវីតំណាងឲ្យក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប បានលើកឡើងថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានក្រុមប្រតិបត្តិការរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មួយក្រុមដឹកនាំដោយលោក គឹម ជាតិ អនុរដ្ឋលិខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការបានចូលមកក្នុងទីតាំងឃ្លាំងស្រា ស្របច្បាប់របស់ក្រុមហ៊ុន ដោយចោទប្រកាន់ថា ផលិតផលរបស់ក្រុមហ៊ុនមានដូចជា ស្រាចំរុះ និងប្រេងកូឡា ប្រេងខ្យល់ មិនស្របច្បាប់ ហើយតម្រូវអោយដកហូតស្រាមួយចំនួនទៅពិនិត្យ និងតម្រូវអោយបិទសៀលលើទ្វារឃ្លាំងមិនអោយក្រុមហ៊ុនធ្វើអាជីវកម្មបាន និងទាមទារប្រាក់ចំនួន $100,000 (ដប់ម៉ឺន ដុល្លារអាមេរិក) ជាថ្នូរនឹងការបើកអោយដំណើរការអាជីវកម្មធម្មតាវិញ។

ក្នុងពាក្យបណ្ដឹងបន្ថែមថា ដោយខ្លាចរាំងស្ទះដល់ដំណើរការអាជីវកម្ម ក្រុមហ៊ុនក៏បានយល់ព្រមប្រគល់សាច់ប្រាក់សុទ្ធ អោយក្រុមលោក គឹម ជាតិ តាមការទាមទារនៅល្ងាចថ្ងៃដដែល និងបង្គាប់អោយអ្នកតំណាងក្រុមហ៊ុនផ្តិតមេដៃព្រមទទួលលើកិច្ចសន្យាស្នើសុំកែប្រែកំហុស ដោយលើលិខិតនោះ ពុំមានចុះលេខចេញរបស់លេខាធិកាដ្ឋានជាផ្លូវការឡើយ ។

ក្នុងពាក្យបណ្ដឹងដដែល ក៏បានស្នើសុំអោយលោក គឹម ជាតិ ប្រគល់ស្រាចំនួន 48ដប ដែលបានដកហូតអោយក្រុមហ៊ុនវិញ។ ស្នើសុំអោយលោក គឹម ជាតិ ប្រគល់ប្រាក់ចំនួន $100,000 (ដប់ម៉ឺនដុល្លារអាមេរិក) អោយមកក្រុមហ៊ុនកូនក្ដីវិញ។ សុំអោយលោក អគ្គាធិការ មានវិធានការផ្លូវច្បាប់ចំពោះលោក គឹម ជាតិ ដែលបានប្រព្រឹត្តកំហុសធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន ក៏ដូចជាប្រជាជនទូទៅ ។

ពាក់ព័ន្ធនឹងពាក្យបណ្ដឹងខាងលើនេះ បើតាមលោក ទូច សុខៈ អ្នកនាំពាក្យរង នៃក្រសួងមហាផ្ទៃ បានឲ្យដឹងកាលពីរសៀលថ្ងៃទី៨ ធ្នូ ថា ពាក្យបណ្ដឹងនេះ គឺអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃបានទទួលហើយ និងបានពិនិត្យទៅលើខ្លឹមសារនៃពាក្យបណ្ដឹងនេះដើម្បីយកមកពិនិត្យពិចារណា ។

អ្នកនាំពាក្យរង នៃក្រសួងមហាផ្ទៃ បន្ថែមថា បន្ទាប់ពីពិនិត្យលើពាក្យបណ្ដឹងនេះហើយ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានស្នើសុំគោលការឯកភាពពីលោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនទៅស្ថាប័នជំនាញចំណុះក្រសួងមហាផ្ទៃ ពោលគឺទៅកាន់នគរបាលយុត្តិធម៌ ដើម្បីខាងនគរបាលយុត្តិធម៌ប្រើជំនាញ និតិវិធី និងច្បាប់ក្នុងការស៊ើបអង្កេតបន្តទៀត ដោយសារពាក្យបណ្ដឹងនេះ មើលទៅពាក់ព័ន្ធករណីព្រហ្មទណ្ឌច្រើនជាងការអនុវត្តតួនាទីភារកិច្ចបែបបទរដ្ឋបាល អ៊ីចឹងទេ រឿងនេះបានចាត់ចែងទៅតាមជំនាញរួចហើយ ប៉ុន្តែលទ្ធផលយ៉ាងណានោះ យើងមិនអាចដឹងបានភ្លាមៗ នៅឡើយទេ ដោយត្រូវការពេលវេលា ក្នុងការស៊ើបអង្កេតស្រាវជ្រាវភាគីពាក់ព័ន្ធដើម្បីធ្វើការសម្រេចមួយដោយមានរបាយការណ៍គោរពលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់ចែងបន្ត ៕

ដកស្រង់ពី៖កោះសន្តិភាព