បណ្តាញសង្គម

អ្នកបើកឡាន Hammer ​ត្រូវតុលាការ ឃុំខ្លួន នៅពន្ធនាគារ PJ ហើយ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសនៅថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣ ថា «ជនសង្ស័យ ឈ្មោះ យ៉េត ច័ន្នគ្រឹស្នា ភេទប្រុស ដែលបើកថយន្ដ Hammer បុ ..;ក ម៉ូតូប្តីប្រពន្ធកូនប្រុស ០៣នាក់ ( បណ្តាលឱ្យស្លា ..;ប់ ចំនួន ០២នាក់ របួសធ្ងន់ ម្នាក់ ) នៅខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានតុលាការ សម្រេចឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្ដោះអាសន្ន រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ»។

សូមរម្លឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ អ្នកបើកឡានម៉ាក Hummer បុ.កមនុស្សស្លា.ប់ ២នាក់ ទាំងកណ្ដាលយប់ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលខ្លួន មកសារភាព នៅចំពោះមុខសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អ្នកបើករថយន្ដ Hummer នោះ មានឈ្មោះ យ៉េត ច័ន្ទគ្រិះស្នា ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤១ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យុវជននេះ មានមុខរបរ នៅផ្ទះ។ សូមរំលឹកថា នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្ត បើកលឿន សឹងមើលមិនទាន់ បុកម៉ូតូ។ រថយន្ដនោះ បានបន្តបើកគេចខ្លួនបាត់។ ហេតុការណ៍នោះ បានកើតឡើង នៅមុខផ្ទះលេខ 53E ផ្លូព្រះស៊ីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះ ជិះម៉ូតូ ៣នាក់ ឪពុកម្តាយ និងកូនតូច អាយុ ២ឆ្នាំ ម៉ាក NEX ពណ៌ស ពាក់ផ្លាកលេខ ព្រៃវែង1Q-7635។ ក្នុងហេតុការណ៍នោះ បណ្ដាលប្រពន្ធ ឈ្មោះ គ្រួច សាមិត្ត អាយុ២០ឆ្នាំ ស្នាក់នៅភូមិដីថុយ ឃុំដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង និងកូនអាយុ ២ឆ្នាំ ស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ។

ខណៈប្ដី រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត។ សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីសប្ដាហ៍កន្លងទៅនេះ ទើបតែបានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវចាប់វាយខ្នោះភ្លាមៗ ចំពោះអ្នកបើកបរទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ ដល់អ្នកដទៃ រហូតបាត់បង់ជីវិត ដោយមិនចាំបាច់សុំគោលការណ៍ពីថ្នាក់ដឹកនាំនោះទេ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា មន្ដ្រីនគរបាល ដែលអនុវត្តត្រឹមត្រូវតាមច្បាប់បែបនេះ សម្ដេច នឹងដំឡើងឋានន្ដរស័ក្ដិជូនទៀតផង៕

ដកស្រង់ពី៖កោះសន្តិភាព