បណ្តាញសង្គម

បុរស​ម្នាក់​ដើរ​រើស​អេ​ត​ចាយ​ចូល​ដល់​ក្នុងផ្ទះ ត្រូវ​ម្ចាស់ផ្ទះ​ស្រែក​ផ្អើល​ពេញ​បុរី​មួយ​កន្លែង

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ដើររើសអេតចាយ ហើយចូលផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ក៏ត្រូវបានគេស្រែកថា «ចោ.រៗ» រួចឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នៅចំណុចបុរីសឡា ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បន្តថា អ្នករើសអេតចាយត្រូវឃាត់ខ្លួនខាងលើនេះមានឈ្មោះ ឈិន សារឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយប្រាប់ឱ្យដឹងថា «នៅមុនពេលកើតហេតុ ពួកគាត់កំពុងតែហូបស្រាបៀរនៅខាងមុខផ្ទះ បន្ទាប់មកស្រាប់តែឃើញបុរសជាជនសង្ស័យម្នាក់ដើររើសអេតចាយទាំងយប់ រួចក៏មកសុំសំបកកំប៉ុង ពួកគាត់ក៏បានអោយទៅ»។ ពលរដ្ឋបន្តថា «ខណៈពេលបុរសជាជនសង្ស័យរូបនោះ កំពុងតែរើសសំបកកំប៉ុងសុខៗ ក៏ស្រាប់តែឃើញបុរសរូបនោះចូលទៅក្នុងផ្ទះ រួចទៅសុំក្រដាស់ជូតមាត់ទៀត។

ចំណែកបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ និងម្ចាស់ផ្ទះ ដោយមានការសង្ស័យ ក៏បានស្រែកថា «ចោ.រៗ» ធ្វើឱ្យបុរសជាអ្នករើសអេតចាយរូបនោះរត់គេចខ្លួនតែម្ដង»។

ពលរដ្ឋបន្តទៀតថា «ភ្លាមៗនោះ បងប្អូនប្រជាពលរដ្ឋក៏នាំគ្នាដេញតាម ចំណែកបុរសរើសអេតចាយជាជនសង្ស័យរូបនោះ ក៏បានយកបន្ទះក្តារមករកវា.យបងប្អូនប្រជាពលរដ្ឋ ប៉ុន្តែត្រូវបងប្អូនប្រជាពលរដ្ឋនាំគ្នាឃាត់ជាប់ រួចវា.យ២ដៃទៅ៣ដៃ បណ្ដាលឱ្យរងរងរបួសតែម្ដង បន្ទាប់មកក៏ប្តឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗផងដែរ»។ ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍បាននាំខ្លួនជនសង្ស័យខាងលើ យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់អូរបែកក្អម ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

ដកស្រង់ពី៖កោះសន្តិភាព