បណ្តាញសង្គម

៤ខែទៀត ចូលរោងការ! យុវជនម្នាក់ ជិះម៉ូតូ បុកខឿនផ្លូវ ដួលបែកក្បាល ស្លា.ប់

ភ្នំពេញ៖ នៅសល់តែ ៤ខែទៀត ដល់ថ្ងៃចូលរោងការទៅហើយ ស្រាប់តែយុវជនម្នាក់ បានជិះម៉ូតូ ១គ្រឿង ក្នុងល្បឿនលឿន រេចង្កូត ជ្រុលទៅបុកខឿនផ្លូវ ពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាល បែកហូរឈា.ម ស្លា..ប់ភ្លាមៗ នៅនឹងកន្លែង។ ឧប្បត្តិហេតុនោះ បានកើតឡើង កាលពីវេលាម៉ោង ៣ និង ៤៥នាទី រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវ ៥០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យុវជនរងគ្រោះខាងលើ ឈ្មោះ ញឹប សុផា អាយុ ២៤ឆ្នាំ មុខរបរ ព្រូឡាន មានស្រុកកំណើត នៅភូមិរោងចក្រ ឃុំអណ្តូងស្វាយ ស្រុកចំការលើ ខេត្តកំពង់ចាម។ យុវជននេះ ស្នាក់នៅក្នុងក្រុមហ៊ុនរថយន្តបាញ់បេតុង សញ្ញា K ស្ថិតនៅក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ។ សាច់ញាតិបាននិយាយថា នៅសល់តែរយៈពេល ៤ខែទៀតប៉ុណ្ណោះ យុវជនខាងលើ នឹងដល់ថ្ងៃរៀបការហើយ។ ឥឡូវ បានជួបគ្រោះថ្នាក់ ស្លា..ប់ចោលគូដណ្ដឹងទៅហើយ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HT-5880 ជាមួយបុរសម្នាក់ទៀត ដែលជាអ្នកបើកបររថយន្ត ទៅកាន់យានដ្ឋានជួសជុលរថយន្ត ស្ថិតនៅក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ ដើម្បីយករថយន្តបាញ់បេតុង ដែលជួសជុលពីទីនោះ។ លុះពេលត្រឡប់មកវិញ ម្ចាស់ម៉ូតូ បានបើករថយន្ត ហើយយុវជនរូបនោះ បានជិះម៉ូតូ ម្នាក់ឯង ដោយមិនពាក់មួកសុវត្ថិភាពឡើយ ហើយបានធ្វើដំណើរតាមផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច ទៅកាន់កន្លែងស្នាក់នៅ។

ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះ យុវជនរងគ្រោះ បានបើកលឿន ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកខឿន ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលបែកក្បាល ស្លា..ប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។ ក្រោយពេលកើតហេតុ ដោយសារតែគ្រោះថ្នាក់នេះ កើតឡើងដោយខ្លួនឯង ទើបនគរបាល បានប្រគល់ម៉ូតូ រួមនិងសាកស..ពឲ្យក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព