បណ្តាញសង្គម

ឃាត់ខ្លួន​​ចិន​ប្រុស​ស្រី ៣៧​នាក់ ឈ្លោះ​គ្នា​កា​.​ប់​ស្លា​.​ប់ម្នាក់ នៅ​អគារ​ខុន​ដូ​ខុន​ដូ​ព្រី​ន​ស៍​ផ្លា​ហ្សា

រាជធានីភ្នំពេញ ៖ ជនជាតិចិន ប្រុស ស្រី ប្រមាណជិត៤០នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាធានីភ្នំពេញ និងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបន្ទាប់ពីមានទំនាស់គ្នា កាប់ចាក់គ្នាបណ្តាលអោយជនជាតិចិនម្នាក់បានស្លា.ប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ហេតុការណ៍នេះ បានបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១រំលងអាធ្រាត្ររហូតដលព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នៅក្នុងខុនដូព្រីនស៍ផ្លាហ្សា តាមមហាវិថីសហព័ន្ធរុស្ស៊ី អគារទី២ ជាន់ទី៩ បន្ទប់លេខ៩០៩ ដែលស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសន្តិសុខយាម នៅខុនដូព្រីនស៍ ផ្លាហ្សា បាននិយាយប្រាប់ថា មានជនជាតិចិនមួយក្រុម បានផឹកស៊ី នៅផ្សារព្រីនស៍ផ្លាហ្សា ដោយផឹកស្រា ហើយបានឈ្លោះប្រកែកគ្នា នឹងឈានដល់ប្រើអំពើហិង្សា ដេញវាយគ្នា តាំងពីកន្លែងផឹកស៊ី និងដេញវាយគ្នាតាំងពីជាន់ទី១ រហូតដល់ជាន់ទី៩ នៅអគារ២ នៅបន្ទប់លេខ៩០៩ ដោយជនបង្ក ជាជនជាតិចិន ដូចគ្នា បានចាក់បណ្តាលឲ្យរងរបួសធ្ងន់ ហើយជនបង្ក បានគេចខ្លួនបាត់ ។ ប្រភពដដែល បន្តថា បន្ទាប់ពីមានហិង្សា ជនរងគ្រោះ ដែលរងរបួសធ្ងន់ ត្រូវបានបងប្អូននឹងមិត្តភក្ដិ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ប៉ុន្តែមកដល់មន្ទីរពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ទៅហើយ។

ចំណែកក្រុមគ្រួសារ បានប្តឹងសមត្ថកិច្ចភ្លាមៗ ដើម្បីចុះមកអន្តរាគមន៍ ។ តាមព័តមានអោយដឹងទៀតថា កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានមកដល់ភ្លាមៗ បានរាយការណ៍ទៅផ្នែកជំនាញ ក្នុងនោះ ដោយមានកម្លាំងនគរបាលអធិការខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាធានី ភ្នំពេញ ចុះមកដល់កន្លែងកើតហេតុ ស្រាវជាវឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ ចំនួន៣៧នាក់ ក្នុងនោះស្រី៥នាក់។

កម្លាំងនគរបាល រកឃើញមានពាក់ព័ន្ធ និងសារធាតុញៀន និងកាន់កាប់អាវុធខុសច្បាប់ ដកហូតវត្ថុតាងមួយចំនួន មានដូច ៖ ជាម្សៅ ក្រាមសថ្លា (សង្ស័យគ្រឿងញៀន) មួយចំនួន កាំភ្លើងខ្លីមួយដើម, ដំបងឆក់, កូនកាំបិតចុងស្រួចចំនួន០៣ដើម, កាំបិតប៉័ងតោ០១ដើម, និងដំបងឆក់ចំនួន០២កំណាត់ ។ បច្ចុប្បន្ន ជនសង្ស័យប្រុសស្រី ចំនួន៣៧នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព