បណ្តាញសង្គម

លើកនេះ តុលាការ លែងដៃធ្ងន់! ចោទប្រកាន់​ក្រុមសិស្ស ៥នាក់ ដែលព្រួតវាយសិស្សស្រីម្នាក់ ពីបទ «ហិ.ង្សាដោយចេតនា មានស្ថានទម្ងន់​ទោស»

ភ្នំពេញ៖ លោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នេះ បានសម្រេចចោទប្រកាន់ក្រុមសិស្ស ៥នាក់ ដែលបានព្រួតគ្នា វាយសិស្សស្រីម្នាក់ នៅខណ្ឌកំបូល រាជធានីភ្នំពេញ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ដោយមានមនុស្សច្រើន ក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

នេះបើតាមលោក វ៉ិត មឃៈ អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។ អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងខាងលើនេះ ប្រាប់ដល់ភ្នាក់ងារ Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤។

តាមនីតិវិធី ក្រោយការចោទប្រកាន់ពីតំណាងអយ្យការ សំណុំរឿង នឹងត្រូវគេបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តចំណាត់ការតាមផ្លូវច្បាប់ ហើយជោគវាសនារបស់ជនត្រូវចោទ ដែលក្រុមសិស្សសាលា អាយុចាប់ពី ១៦ឆ្នាំ ដល់ ១៨ឆ្នាំ សរុប ៥នាក់នេះ នឹងត្រូវចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួន ឬមិនឃុំខ្លួន ដាក់ពន្ធនាគារ។ ក្រុមសិស្សបង្កហិង្សាទាំង ៥នាក់នោះ មានឈ្មោះ ១-អាត សំណាង ហៅ Cherry ភេទប្រុស អាយុ ១៨ឆ្នាំ ( ភេទទី៣ ) ជាអ្នកវាយលើជនរងគ្រោះ។ ២- ហូ ម៉ូលុច្ស ភេទស្រី អាយុ ១៨ឆ្នាំ ជាអ្នកថត។ ៣-យាន រស្មី ភេទស្រី អាយុ ១៦ឆ្នាំ ជាអ្នកវាយលើជនរងគ្រោះ។

៤-គង់ ស៊ីណា ភេទស្រី អាយុ ១៧ឆ្នាំ ជាអ្នកថត និង៥-ឈ្មោះ សំណាង ពិសី ភេទស្រី អាយុ ១៦ឆ្នាំ ជាអ្នកដឹកជនរងគ្រោះ និងជាអ្នកចាក់រុក។ មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ បានកំណត់ថា «អំពើហិង្សាដោយចេនា ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល កាលបើអំពើហិង្សានេះ បានប្រព្រឹត្តដោយមានការគិតទុកជាមុន ដោយប្រើអាវុធ ឬគំរាមកំហែងនឹងអាវុធ និងដោយមានមនុស្សច្រើននាក់ ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត»។

សូមរម្លឹកថា កាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ តាមបណ្តាញសង្គម បានចែកចាយវីដេអូដែលបង្ហាញពីសកម្មភាពសិស្សសាលាមួយក្រុម បានព្រួតវាយសិស្សស្រីម្នាក់ នៅដីវាលមួយកន្លែង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមរយៈវីដេអូនោះ សិស្សប្រុសម្នាក់ ជាភេទទី៣ និងបក្ខពួក ជាសិស្សស្រីម្នាក់ទៀត បានប្រើប្រាស់អំពើហិង្សា វាយទាត់ធាក់ ទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ខណៈដើមចមនៃរឿងរ៉ាវនេះមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ។ បុគ្គលភេទទី៣ បាននិយាយថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែន ចាក់អង្រែ។ ក្រោយបែកធ្លាយខ្លិបវិដេអូនោះ ក្រុមសិស្ស ៤នាក់ បានជិះម៉ូតូរត់គេចពីភ្នំពេញ ទៅខេត្តព្រះសីហនុ ហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបានទាំងយប់ នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមរម្លឹកថា កន្លងមក ករណីសិស្សសាលាប្រើហិង្សា វាយលើសិស្សសាលា ហើយថតវិដេអូ បង្ហោះហ្វេសប៊ុកនេះ បានកើតឡើងយ៉ាងហោចណាស់ ២ករណីហើយ នៅភ្នំពេញ។ ក្នុងនោះ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីហិង្សា បង្កឡើងដោយក្រុមសិស្សស្រី ៤នាក់ ព្រួតគ្នា វាយលើសិស្សស្រីម្នាក់ នៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងរាជធានីភ្នំពេញ។ បន្ទាប់មកក៏មានការចែកចាយនូវវីដេអូ និងរូបភាពសិស្សស្រីមួយក្រុម នៅវិទ្យាល័យបាក់ទូក បានព្រួតគ្នាវាយសិស្សស្រីម្នាក់ទៀត កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ ករណីសិស្សស្រី ព្រួតគ្នាវាយលើសិស្សស្រី ដែលរៀននៅថ្នាក់វិទ្យាល័យ គឺត្រូវបានបក្ខពួករបស់ជនបង្ក ថតវិដេអូ តាមទូរសព្ទ ហើយយកទៅបង្ហោះលើហ្វេសប៊ុក ទើបបង្កឱ្យមានប្រតិកម្មដូច្នេះ។ ជាលទ្ធផល អាជ្ញាធរសមត្ថកិច្ច បានឃាត់ខ្លួនក្រុមជនបង្ក និងហៅអាណាព្យាបាល ឪពុកម្តាយរបស់សិស្សស្រី និងសិស្សរងគ្រោះទាំងនោះ មកសម្របសម្រួលដោះស្រាយ បង់សំណង និងអប់រំ ណែនាំ ព្រមទាំងធ្វើកិច្ចសន្យា។ ដោយយោងទៅលើក្រុមជនបង្ក ជាសិស្សសាលា កំពុងនៅវ័យសិក្សា អនាគតវែងឆ្ងាយ ភាគីអាណាព្យាបាលសិស្សស្រី និងសាម៉ីខ្លួនរងគ្រោះ ក៏បានយោគយល់ សម្របសម្រួល ដោះស្រាយដោយសន្តិវិធី។

ក្រុមសិស្សបង្ក ដែលជាអនីតិជន អាយុក្រោម ១៨ឆ្នាំផង ក៏ត្រូវសមត្ថកិច្ច អប់រំ និងឲ្យធ្វើកិច្ចសន្យា ហើយឲ្យកែខ្លួន ជាសិស្សល្អ ត្រឡប់ទៅផ្ទះ ដើម្បីចូលរៀនជាធម្មតា៕

ដកស្រង់ពី៖កោះសន្តិភាព