បណ្តាញសង្គម

​ចាប់ក្មេងទំនើងដុះក្អែលសារជាថ្មី !

ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្តកំពតធ្លាប់បានចេញសេចក្តីណែនាំម្តងហើយម្តងទៀត ពីបញ្ហាក្មេងទំនើងបង្កអំពើហិង្សាលើអ្នកដទៃ គេចវេសពីសាលាទៅប្រមូលផ្តុំជួបជុំគ្នាសេពគ្រឿងញៀន ទៅប្រព្រឹត្តចោរលួច ចោរឆក់ជាដើម ដែលទាំងអស់នេះ គួរតែប្អូនៗក្មួយៗកំពុងពេញវ័យសិក្សា ត្រូវចៀសវាងនូវអំពើនិងសកម្មភាពទាំងអស់នេះ ។

ប៉ុន្តែទោះបីជាមានការអំពាវនាវរបស់ស្នងការខេត្តយ៉ាងនេះក្តី ក៏នៅតែមានក្រុមក្មេងទំនើងមួយក្រុមមានគ្នា៩នាក់បង្កអំពើហិង្សា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ កន្លងមក នៅចំណុចកោះស្មៅ ស្ថិតក្នុងភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត បានព្រួតគ្នាបង្កអំពើហិង្សាវាយឲ្យរបួសដល់ជនរងគ្រោះ៣នាក់ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយធ្វើសកម្មភាពជនរងគ្រោះបានរាយការណ៍និងប្តឹងទៅសមត្ថកិច្ច។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្ត ហើយបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំជុំគ្រៀល កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត កម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានចុះទៅដល់កន្លែងកើតហេតុ ព្រមទាំងចាប់ឃាត់ខ្លួនជនបង្កជាក្មេងទំនើងជាក់ស្តែងបានចំនួន៩នាក់ នាំមកកាន់ស្នងការខេត្ត ដើម្បីធ្វើការសាកសួរ ។

ប្រភពពីសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌបានឲ្យដឹង ជនសង្ស័យទាំង៩នាក់បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះពិតប្រាកដមែន។ ក្រោយពីបានសារភាពពីសម្មភាពរបស់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៩នាក់ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព