បណ្តាញសង្គម

វៀតណាម​ព្យួរ​តំណែង​ចៅ​អធិការ​វត្ត​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ផ្លូ​.វ​.ភេ.ទ

ទីក្រុងហាណូយ៖ អាជ្ញាធរវៀតណាមសម្រេចព្យួរមុខតំណែង និងតួនាទីរបស់លោកគ្រូចៅអធិការវត្តមួយអង្គជាមន្ត្រីសង្ឃជាន់ខ្ពស់ថែមទៀតគង់នៅខេត្តដុងណាយ (Dong Nai)។ បញ្ហានេះពាក់ព័ន្ធនឹងការដែលព្រះអង្គបង្ហាញអាកប្បកិរិយាស្រើបស្រាលផ្នែកផ្លូវភេទនៅតាមអនឡាញដែលគេមើលទៅហាក់ដូចជាប៉ះពាល់មុខមាត់គណៈសង្ឃនៅវៀតណាម។

ការព្យួរតំណែងលោកគ្រូចៅអធិការវត្តធូឌឹក (Tu Duc) ព្រះនាមធីចញាន់ញី (Thích Nhuận Nghĩ) ដែលមានព្រះនាមពីកំណើតឡេជុងហាយ (Lê Trung Hải) ត្រូវបានចេញប្រកាសដោយគណៈសង្ឃពុទ្ធសាសនាវៀតណាមនៃខេត្តដុងណាយកាលពីថ្ងៃចន្ទ។ ព្រះអង្គធីចញាន់ញីក៏ត្រូវព្យួរតំណែងពីអនុគណខេត្តដុងណាយផងដែរ។

ក្រៅពីនេះ តួនាទីរបស់ព្រះអង្គជាប្រធានគណៈកម្មការអប់ស្រុកវិញវូ (Vinh Vưu) ខាងពុទ្ធិកសិក្សាពីឆ្នាំ២០២១ដល់ឆ្នាំ២០២៦ក៏ត្រូវព្យួរទុកផងដែរ។ គណៈសង្ឃខេត្តដុងណាយចេញសេចក្ដីបំភ្លឺថាលោកគ្រូចៅអធិការអង្គនេះបានប្រព្រឹត្តមិនសមរម្យនៅក្នុងពេលព្រះអង្គបើកវគ្គបណ្ដុះបណ្ដាល និងការបដិបត្តិតួនាទីរបស់ព្រះអង្គមិនត្រឹមត្រូវ។ ករណីទាំងពីរនេះបានធ្វើឱ្យគណៈកម្មការវត្តមិនអាចទទួលយកបាន និងប៉ះពាល់មុខមាត់របស់គណៈសង្ឃ។

គណៈសង្ឃនៅស្រុកវិញវូជាអ្នករ៉ាប់រងចាត់ចែងបន្តនូវមុខតំណែង និងតួនាទីរបស់ព្រះអង្គធីចញាន់ញី និងទ្រព្យសម្បត្តិរបស់ព្រះអង្គ និងមើលការខុសត្រូវកិច្ចការសព្វសារពើនៅវត្តធូឌឹក (Tự Đức) រហូតដល់បញ្ហានេះដោះស្រាយចប់សព្វគ្រប់។ សូមបញ្ជាក់ថាមុនពេលឈានដល់ការចាត់ការទៅលើព្រះអង្គធីចញាន់ញីនោះមានបញ្ហាមិនប្រក្រតីមួយកើតឡើងពីរូបភាពដែលគេជឿជាក់ថាព្រះអង្គបានប្រព្រឹត្តមិនសមរម្យជាមួយនារីម្នាក់។ ក្រោយមក រូបនេះត្រូវគេចែកចាយបន្តនៅលើបណ្ដាញសង្គម។ សព្វថ្ងៃនេះនៅទូទាំងប្រទេសវៀតណាមមានអ្នកគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា៤,៦លាននាក់៕

ដកស្រង់ពី៖កោះសន្តិភាព