បណ្តាញសង្គម

ជនសង្ស័យ​៣​នាក់​ត្រូវ​ឃាត់ខ្លួន ក្រោយជិះម៉ូតូ​បុ.ក​គេដួ.ល រួចដកដែកឆាបដេញចា.ក់ទៀត

រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ធ្វើការឃាត់ខ្លួនក្រោយពេលជិះម៉ូតូបុកជាមួយម៉ូតូបុរស២នាក់បណ្ដាលឲ្យដួល រួចដកដែកឆាបចុងស្រួចធ្វើសកម្មភាពដេញចាក់ថែមទៀត ប៉ុន្តែសំណាងល្អជនរងគ្រោះព្យាយាមរត់គេចរួច ហើយកម្លាំងនគរបាលទៅដល់ក៏ឃាត់ខ្លួនជនសង្ស័យតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់ដែលត្រូវនគរបាលឃាត់ខ្លួននោះ រួមមាន១-ឈ្មោះហឿន តារា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាជាង ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ២-ឈ្មោះជា សារួន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និង៣-ឈ្មោះ អឿន ចាន់រដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរងរបរកម្មរោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ដោយឡែកបុរសរងគ្រោះម្នាក់ឈ្មោះខុំ ថាំងចេង អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្តស្នាក់នៅភូមិព្រៃមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះសុខ វីសាល អាយុ៣២ឆ្នាំ ស្នាក់ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ នគរបាលបានប្រាប់ឲ្យដឹងថា នៅវេលាយប់ថ្ងៃកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកHonda Beat ពណ៌ក្រហម១គ្រឿង ពាក់ស្លាកលេខកំពង់ស្ពឺ 1W 7545 ឌុបគ្នាចេញពីកន្លែងបុណ្យភូមិនៅក្នុងភូមិគោកចំបក់ ។ លុះពេលជិះទៅដល់ត្រង់ចំណុចកើតហេតុក្បែរវត្តអង្គតាមិញ ស្រាប់តែជនសង្ស័យខាងលើជិះម៉ូតូម៉ាកហុងដាស្កូបពីពណ៌ស១គ្រភង ពាក់ស្លាកលេខភ្នំពេញ1KH 8076 ក្នុងទិសដៅបញ្ច្រាស់ទិញគ្នា មកបុកម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលរងការខូចខាត។ ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ភ្លាមៗនោះអត់និយាយច្រើនទេ ក្រុមជនសង្ស័យក៏បានដកដែកឆាបចុងស្រួចចេញពីចង្កោះ រួចដេញចាក់ទៅលើជនរងគ្រោះទាំងកម្រោល ប៉ុន្តែជាសំណាងជនរងគ្រោះបាននាំគ្នាព្យាយាមរត់គេចរួច។

ស្របពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ល្បាតទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋានទៅដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះតែម្តង។ ដោយដកហូតបានដែកឆាប និងដាវកែច្នៃផងដែរ ហើយបាននាំទៅសាកសួរនៅប៉ុស្តិ៍ ហើយជនសង្ស័យបានប្រាប់ថាពួកខ្លួនពិតជាបានដាក់ដែកឆាបចុងស្រួចតាមម៉ូតូមែន គឺទុកសម្រាប់ការពារខ្លួន ៕

ដកស្រង់ពី៖កោះសន្តិភាព