បណ្តាញសង្គម

ចាប់បុរសវៀតណាម ២នាក់ នៅបាវិត ដែល​ជួញដូរ រក្សាទុក កែច្នៃ និងប្រើប្រាស់គ្រឿង​ញៀន ២គីឡូក្រាម​

ខេត្តស្វាយរៀង៖ សមត្ថកិច្ចចុះបង្ក្រាបក្រុមឧក្រិដ្ឋជនជនជាតិវៀតណាម ចំនួន ២នាក់ ពីបទ ជួញដូរ រក្សាទុកកែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយរឹបអូសវត្ថុតាងរួមមាន ថ្នាំញៀនជាង ០២គីឡូក្រាម និងសារធាតុម្សៅផ្សំកែច្នៃមួយចំនួន នៅក្រុងបាវិត។

បើតាមសមត្ថកិច្ច ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តស្វាយរៀង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤វេលាម៉ោង ១៥ និង ៤៥នាទីរសៀល កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀននៃស្នងការនគបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកកែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង នៅចំណុចបុរី CK ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចបានបន្តទៀតថា ជាលទ្ធផលក្នុងការបង្ក្រាបនេះ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ (ជនជាតិវៀតណាម) ទី១.ឈ្មោះ វ៉ូ ទន់ណាម ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរី CK ២.ឈ្មោះ ង្វៀង ទន់ហៀប ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរី CK។

ក្នុងពេលឃាត់ខ្លួនបុរសជនជាតិវៀតណាមទាំង ២នាក់នោះ ប៉ូលិសបានរកឃើញវត្ថុតាងសម្ភារ: ដែលដកហូតបានក្នុងការបង្ក្រាប រួមមាន៖ ដុំម្សៅក្រាមពណ៌ស ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០៤ កញ្ចប់ ទម្ងន់ ២.៥០០,៥៦ ក្រាម (ជាង ២គីឡូកន្លះ។ សារធាតុគីមីផ្សំ ចំនួន០២ កញ្ចប់ ទម្ងន់ ១,៤៥៧,៣៦ក្រាម – អាស៊ីត ០៩ ដប – ម្សៅស្ងួតម៉ត់ ០១ គីឡូក្រាម – ក្រាមសូដ្យូម ០១ កញ្ចប់ធំ – ថ្នាំដបម៉ាក Makun ០៤ ដប – ឆ្នាំងចំហុយ សម្ងួតចំនួន០៣ – បំពង់កែវជក់ ០៥ – ទូរសព្ទ័ដៃ ០៣ គ្រឿង – លិខិតឆ្លងដែន ០៤ ក្បាល – អត្ត/ប័ណ្ណវៀតណាម ០៤ សន្លឹក ព្រមទាំងឧបករណ៍ សម្ភារ:មួយចំនួនទៀត។ បុរសវៀតណាមទាំង ២នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព