បណ្តាញសង្គម

តុលាការ ខេត្តសៀមរាប សម្រេចដោះលែង​បុរសភ្នាក់ងារ​អាជ្ញាធរជាតិអប្សរា ២​នាក់ ដែលវាយក្មេងចាប់អណ្តើកលក់ នៅអង្គរវត្ត​

ខេត្តសៀមរាប៖ អ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្តាប់ធ្នាប់ ២នាក់ នៃអាជ្ញាធរជាតិអប្សរា ដែលបានវាយលើក្មេង ដែលលក់សត្វអណ្ដើក នៅក្នុងបរិវេណកសិន្ទុប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

តុលាការខេត្តសៀមរាប បានសម្រេច អនុញ្ញាតឱ្យជនសង្ស័យទាំងពីរនាក់ វិលត្រឡប់ទៅផ្ទះវិញ ជាបណ្តោះអាសន្ន។ ដោយឡែកសំណុំរឿងនេះ តំណាងអយ្យការ នឹងត្រូវបន្តចាត់ការទៅតាមនីតិវិធី ស្របតាមច្បាប់។

ការសម្រេចមិនឃុំខ្លួនបុរសភ្នាក់ងារអាជ្ញាធរអប្សរាទាំង ២នាក់នោះ ត្រូវបានអ្នកនាំពាក្យតុលាការ ខេត្តសៀមរាប លើកហេតុផល ៥ចំណុច រួមមាន៖

១-បុរសសង្ស័យទាំងពីរនាក់ បានសម្តែងនូវការសោកស្តាយជាខ្លាំងនូវអំពើប្រព្រឹត្ត និងទទួលស្គាល់ថាជាកំហុសរបស់ខ្លួន ដែលបានវាយទៅលើជនរងគ្រោះ ឈ្មោះ ណុល សំណាង។

២-បុរសទាំង ២ បានធ្វើការសុំទោសដល់អាណាព្យាបាល និងជនរងគ្រោះ។

៣-បុរសទាំង ២ បានសងសំណងសមរម្យដល់ជនរងគ្រោះ ហើយជនរងគ្រោះ បានដកពាក្យបណ្តឹង និងឈប់ប្តឹងក្នុងរឿងនេះ តទៅទៀត។

៤-មានមេធាវី បានដាក់ពាក្យស្នើសុំធានាត្រឹមត្រូវដល់ជនសង្ស័យ ថានឹងចូលខ្លួនមកវិញ នៅគ្រប់ដំណាក់កាល នីតិវិធីរបស់តុលាការ។ ៥-ជនសង្ស័យទាំងពីរ មានប្រពន្ធ និងកូនតូចៗ ក្នុងបន្ទុកជាច្រើននាក់ ដែលត្រូវមើលថែរក្សា។

អ្នកនាំពាក្យតុលាការ ខេត្តសៀមរាប ក៏បានបន្ថែមថា ផ្នែកតាមលទ្ធផលនៃការស៊ើបអង្កេត ការពិនិត្យឯកសារ និងភស្តុតាងនានា ក្នុងសំណុំរឿងអយ្យការអមសាលាដំបូង ខេត្តសៀមរាប ឃើញថា ករណីនេះ ជាបទល្មើសហិង្សាមិនមានលក្ខណៈធ្ងន់ធ្ងរ មិនបង្កឱ្យមានព្យសនកម្ម ឬរបួសធ្ងន់ធ្ងរ ឬពិការអចិន្ត្រៃយ៍ ដល់ជនរងគ្រោះឡើយ។

អ្នកនាំពាក្យតុលាការខេត្តសៀមរាប បានប្រកាសថា ករណីបុរសភ្នាក់ងារអាជ្ញាធរអប្សរា ២នាក់ វាយលើក្មេងប្រុសម្នាក់ បានកើតឡើង កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ ក្នុងរឿងនោះ ជនរងគ្រោះ មានឈ្មោះ ណុល សំណាង អាយុ ២០ឆ្នាំ។ រីឯភ្នាក់ងារអាជ្ញាធរអប្សរា មានឈ្មោះ សុខ សឿន អាយុ ២៣ឆ្នាំ និងឈ្មោះ ហៃ រដ្ឋា អាយុ ៣១ឆ្នាំ។

ក្រោយវិដេអូខ្លីប ដែលគេថតបង្ហោះតាមហ្វេសប៊ុក បុរសភ្នាក់ងារអាជ្ញាធរអប្សរា ទាំង ២នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្រោយពីអាជ្ញាធរអប្សរា បានអប់រំ និងដាក់ពិន័យរដ្ឋបាល លើបុរសទាំងពីរនាក់ ហើយត្រូវបានមហាជនរិះគន់នឹងចំណាត់ការនោះ។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ប៉ូលិស បានបញ្ជូនជនសង្ស័យទាំង ២នាក់ ទៅកាន់តុលាការ ខេត្តសៀមរាប៕

ដកស្រង់ពី៖កោះសន្តិភាព