បណ្តាញសង្គម

ជនសង្ស័យ​៣​នាក់ និងគ្រឿងញៀ.ន​ជាង​២​គីឡូក្រាម ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ឆ្លងខេត្ត

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន០៣នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជាង ២គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ក្រាបក្នុងរាជធានីភ្នំពេញ និងពន្លាតដែនសមត្ថកិច្ច ទៅបង្ក្រាបដល់ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យចំនួន៣នាក់ រួមមាន ៖ ១/ ឈ្មោះ ចាន់ ណារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ២/ ឈ្មោះ នឹង ចាន់ជំនោរ ហៅឆេកូ ភេទប្រុស អាយុ៤០ឆ្នាំ ៣/ ឈ្មោះ សាន ម៉ៅ ហៅហ្គាស់ ភេទប្រុស អាយុ៤៣ឆ្នាំ ។

ជនសង្ស័យទាំង៣នាក់ត្រូ វបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនជាក់ស្ដែងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ ដោយចាប់យកបានវត្ថុតាងរួមមាន ៖ ក្រាមពណ៌សថ្លា ចំនួន២១កញ្ចប់(៤កញ្ចប់ធំ), សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន(ដបកែច្នៃ) ជញ្ជីងថ្លឹង០២គ្រឿង, សម្ភារៈវេចខ្ចប់ និងថង់ច្រកមួយចំនួន។

បន្ទាប់មក ដោយបានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការពន្លាតសមត្ថកិច្ចដែនដីទៅខេត្តកំពង់ស្ពឺ ដោយបានសហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះធ្វើការឆែកឆេរដល់ផ្ទះជនសង្ស័យ សាន ម៉ៅ ហៅហ្គាស់ ជាមេក្លោងជួញដូរគ្រឿងញៀន ស្ថិតនៅភូមិស្រែចិន្តា សង្កាត់ព្រះស្រែ ស្រុកឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ រកឃើញវត្ថុតាងដែលជសង្ស័យ បានកប់លាក់ទុកក្នុងដី នូវក្រាមពណ៌សថ្លាចំនួន ១០កញ្ចប់ធំបន្ថែមទៀត ដែលសរុបមុនក្រោយ អាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាន ក្រាមពណ៌សថ្លាចំនួន ៣១កញ្ចប់តូចធំ ស្មើនឹងជាង ២គីឡូក្រាម (២០៤០,៩១ក្រាម) ៕

ដកស្រង់ពី៖កោះសន្តិភាព