បណ្តាញសង្គម

សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​កម្ចី​ប្រាក់​អន​ឡាញ​ខុសច្បាប់ បញ្ជូន​ទៅ​តុលាការ ចែករំលែក

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ដោយមានការឯកភាពពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ឈ្មោះ នន់ កុសល អាយុ៤០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនកម្ចីតាមអនឡាញ វ៉ង់ វ៉ង់ មិនមានច្បាប់អនុញ្ញាត ដែលមានតួនាទី ជាអ្នកទារប្រាក់ពីអតិថិជន និងទម្លាក់លុយឲ្យអតិថិជនខ្ចី ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា ការផ្តល់កម្ចីជាអាជីវកម្មជូនប្រជាពលរដ្ឋដោយគ្មានការអនុញ្ញាត គឺជាអំពើខុសច្បាប់មានចែងក្នុងមាត្រា៥១ នៃច្បាប់ ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលអាចឈានទៅដល់ការផ្តន្ទាទោសដាក់ពន្ធនាគារ ។ ទោះជាយ៉ាងណា ម្ចាស់បំណុលនៅតែមានសិទ្ធិ ប្តឹងទៅកាន់ស្ថាប័នតុលាការ ដើម្បីទាមទារប្រាក់ពីកូនបំណុល ស្របតាមនីតិវិធី នៃច្បាប់ ។

ជាមួយគ្នានេះដែរ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានបញ្ជាក់ផងដែរថា សូមជៀសវាងការកម្ចីប្រាក់ក្រៅប្រព័ន្ធ ដែលធ្វើឲ្យមានហានិភ័យខ្ពស់ដល់សេដ្ឋកិច្ចគ្រួសារ និងឈានដល់ការរង នូវការបរិហាកេរ្តិ៍គ្រប់រូបភាពពីសំណាក់ក្រុមកម្ចីខុសច្បាប់ទាំងនោះ ។ សូមជម្រាបឡើងវិញថា ជនសង្ស័យ ៣នាក់ ជាភ្នាក់ងារឲ្យក្រុមហ៊ុនផ្ដល់កម្ចីអនឡាញមួយ ដែលដើរតួនាទីជាអ្នកបញ្ចុះបញ្ចូលរកអ្នកត្រូវការសេវាខ្ចីប្រាក់ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួន និងបញ្ជូនទៅកាន់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ។

ជនសង្ស័យទាំង ៣នាក់ខាងលើបានសារភាពថា ខ្លួនបានបម្រើការជាភ្នាក់ងារឲ្យក្រុមហ៊ុនផ្ដល់កម្ចីអនឡាញមួយ ហើយខ្លួនបានដើរតួនាទីជាអ្នកបញ្ចុះបញ្ចូលរកអ្នកត្រូវការសេវាខ្ចីប្រាក់ និងជាអ្នកចុះទៅទារប្រាក់ពីអ្នកខ្ចីប្រាក់ទាំងនោះ ដែលជាញឹកញាប់តែងតែគំរាមកំហែងដល់អ្នកដែលមិនបានសងប្រាក់ទាន់ពេលវេលា ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានរកឃើញផងដែរថាក្រុមហ៊ុនសេវាកម្មកម្ចីប្រាក់ទាំងនេះ មិនមានអាជ្ញាប័ណ្ណ និងសុំច្បាប់អនុញ្ញាតពីធនាគារជាតិកម្ពុជាឡើយ ។ យោងតាមប្រកាសរបស់អគ្គស្នងការនគរបាលជាតិ និងធនាគារជាតិកម្ពុជា ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា នឹងចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះការផ្ដល់ឥណទានខុសច្បាប់ និងផ្សព្វផ្សាយនានា តាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្ដល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាត ។

ក្នុងសេចក្តីប្រកាសរួមក៏បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវជៀសវាងដាច់ខាត ចំពោះការខ្ចីប្រាក់ពីអ្នកផ្ដល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ដែលពុំមានការអនុញ្ញាតពីធនាគារជាតិ និងដើម្បីជួយដល់អាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា ៕

ដកស្រង់ពី៖កោះសន្តិភាព