បណ្តាញសង្គម

២១​ថ្ងៃ​ក្នុង​ខែមករា​នេះ សមត្ថកិច្ច​បង្ក្រាប​ល្បែងស៊ីសង​៤៣​ទីតាំង បញ្ជូន​ជនសង្ស័យ​៧២​នាក់​ទៅ​តុលាការ

រាជធានីភ្នំពេញ ៖ បើតាមមន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងរយៈពេល២១ថ្ងៃ នៅខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចបានបង្ក្រាបល្បែងស៊ីសង ចំនួន៤៣ទីតាំង និងឃាត់ខ្លួនជនសង្ស័យ ៧២នាក់ បញ្ជូនទៅកាន់តុលាការ ។

លោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានអោយដឹងថា ចាប់ពីថ្ងៃទី១-២១ ខែមករា ឆ្នាំ២០២៤ ជាលទ្ធផលរយៈពេល ២១ថ្ងៃ ក្នុងខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសង សរុបបាន ៤៣ទីតាំង នៅ១៤រាជធានីខេត្ត ទូទាំងប្រទេសកម្ពុជា ។

លោក ទូច សុឃៈ បានរៀបរាប់ឲ្យដឹងថា ការបង្ក្រាបទាំង ៤៣ទីតាំងនេះ មានមនុស្ស៧២នាក់ ដែលបានកើតឡើងនៅ ២៦ទីតាំង ក្នុង១០រាជធានី-ខេត្ត ដែលជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលាការ ។ ក្នុងចំណោម ទីតាំងដែលបង្ក្រាបបានក៏សមត្ថកិច្ចចាត់វិធានការរដ្ឋបាល ទៅលើការបង្ក្រាប ១៧ទីតាំងផងដែរ ដែលកើតឡើងនៅ ៤រាជធានី-ខេត្ត បានចាត់នីតិវិធីអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ ៣០នាក់ ។

សូមបញ្ជាក់ថា ក្រោមគតិបណ្ឌិត «សម្អាតផ្ទះយើង» របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងទស្សនៈ «អ្វីៗដើម្បីភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ» របស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំណែទម្រង់ជាច្រើនត្រូវបានធ្វើឡើងជាបន្តបន្ទាប់ជាពិសេស លើបញ្ហាអទិភាពទាំង ៦ របស់ក្រសួងមហាផ្ទៃនៅមាន ការបង្ក្រាបល្បែងស៊ីសង គឺជាវិធានការដ៏ក្តៅគគុកមួយ ផងដែរ ពីលើបញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា ៕

ដកស្រង់ពី៖កោះសន្តិភាព