បណ្តាញសង្គម

អភិបាលរង​ខេត្តសៀមរាប ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅ​បឹង​ទន្លេសាប

ខេត្តសៀមរាប ៖ រដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ដឹកនាំដោយលោកក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីក្រុមការងាររដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តំណាងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ការិយាល័យនគរបាលចរាចរណ៍ជើងទឹក ប្រចាំចុងឃ្នៀស សហគមន៍នេសាទចុងឃ្នៀស ព្រមទាំងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសថ្នាក់ជាតិ ប្រចាំនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង សរុបចំនួនប្រមាណ ៣៩នាក់ ។

ក្នុងយុទ្ធនាការនេះដែរ ក្រុមការងារបានប្រើប្រាស់ទូកចំនួន ៣គ្រឿង និងបានចុះអនុវត្ត ចាប់ពីចំណុចសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប រហូតដល់ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយបង្ក្រាប និងបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់នៅនឹងកន្លែង រួមមាន ៖ ក្បាលលបចំនួន ៨ និងរបាំងសាច់អួនប្រវែង ១,៦០០ម៉ែត្រ (លើសប្រវែងកំណត់ និងលើសទំហំក្រឡាសាច់អួន) ចម្រឹងចំនួន ៤០០ដើម ព្រមទាំងបានព្រលែងត្រីចម្រុះចំនួន ២០គីឡូក្រាមផងដែរ ។

បន្ទាប់ពីចុះអនុវត្តរួច លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីជលផលគ្រប់លំដាប់ថ្នាក់ក៏ដូចជាអាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ចក្នុងមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់សហការគ្នាចេញត្រួតពិនិត្យ និងបន្តចុះធ្វើការត្រួតពិនិត្យ ទប់ស្កាត់បទល្មើសជលផលក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប្រចាំ ជាពិសេសត្រូវសហការតាមដានស្ថានភាពប្រជាសាស្ត្រ និងភូមិសាស្ត្រជលផលឱ្យបានច្បាស់លាស់ ដោយធ្វើការចុះស្រង់ទិន្នន័យប្រជានេសាទក្នុងមូលដ្ឋាន និងរៀបចំធ្វើផែនទីតាមគោលដៅនីមួយៗ ដើម្បីក្តាប់ជាប់នូវមុខសញ្ញាអ្នកប្រព្រឹត្តិបទល្មើសនេសាទទាំងអស់នោះ ។

សូមបញ្ជាក់ផងដែរថា ការបើកយុទ្ធនាការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនេះ គឺដើម្បីធ្វើការអប់រំណែនាំដល់ប្រជានេសាទដែលបានប្រើប្រាស់ឧបករណ៍នេសាទខុសពីច្បាប់ស្តីពីជលផល និងដើម្បីចូលរួមការពារពូជត្រី ពិសេសក្នុងតំបន់ហាមឃាត់ តំបន់អភិរក្ស តំបន់ត្រីមេពូជ ព្រមទាំងជីវិតសត្វជីវៈចម្រុះក្នុងបឹងទន្លេសាប ទុកសម្រាប់កូនចៅជំនាន់ក្រោយ ៕

ដកស្រង់ពី៖កោះសន្តិភាព