បណ្តាញសង្គម

តុលាការ មិនទាន់ចោទប្រកាន់អ្នកបើកឡាន ក្នុងស្ថានភាពស្រវឹង បុកមនុស្សស្លា.ប់ ៤នាក់ នៅស្ពានឫស្សីកែវ នៅឡើយទេ ទើបតែបើកការស៊ើបសួរ​!

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរ លើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិ ស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្យរបួស និងស្លា.ប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/l និងរបួសស្លា.ប់មនុស្សច្រើននាក់)»។

សេចក្តីប្រកាសរបស់តុលាការដូចនេះ បានធ្វើឡើង បន្ទាប់ពីលោក នាង សំអូន អាយុ ៥៦ឆ្នាំ បានបើកឡាន ក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី នៅឫស្សីកែវ កាលពីព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

បទស៊ើបសួរលើអ្នកបើកបរស្រវឹងនេះ មានបញ្ញត្តិឲ្យផ្តន្ទាទោស តាមមាត្រា៨៣ កថាខណ្ឌ២ ចំណុច ខ និងគ និងមាត្រា ៨៥ កថាខណ្ឌ២ ចំណុច ខ និងគ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ មាត្រា ៨៣ កថាខណ្ឌ២ ចំណុច ខ និងគ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចែងថា «… អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១៥លានរៀល កាលបើអំពើនេះ បានប្រព្រឹត្ត ក្នុងករណីណាមួយ ដូចខាងក្រោម៖… ខ.ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ចាប់ពី ០,៤០ មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ។

គ.បណ្តាលឱ្យមានរបួសមនុស្សច្រើននាក់…»។ ចំណែកមាត្រា៨៥ កថាខណ្ឌ២ ចំណុច ខ និងគ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានចែងថា «… អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ២៥លានរៀល កាលបើអំពើនេះ បានប្រព្រឹត្តក្នុងករណីណាមួយ ដូចខាងក្រោម៖… ខ.ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ចាប់ពី ០,៤០មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាម ឡើងទៅ។

គ.បណ្តាលឱ្យមានស្លា.ប់មនុស្សច្រើននាក់»។ យ៉ាងណាក៏ដោយ មកដល់ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញ មិនទាន់ចោទប្រកាន់ និងសម្រេចឃុំខ្លួនអ្នកបើកបរឡាន ក្នុងស្ថានភាពស្រវឹង ឈ្មោះ នាង សំអូន ដែលជាមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឡើយទេ៕

ដកស្រង់ពី៖កោះសន្តិភាព