បណ្តាញសង្គម

ឆេះឃ្លាំង​អេតចាយ របួសកម្មករម្នាក់!

ភ្នំពេញ៖ ម៉ាស៊ីនគ្រីបអេតចាយ និងអេតចាយ ក្នុងឃ្លាំងមួយកន្លែង ត្រូវបានអគ្គិភ័យ ឆាបឆេះសន្ធោរសន្ធៅ។ ហេតុការណ៍នេះ បង្កឡើងដោយសារផ្ទុះកំប៉ុងហ្គាស ហើយបណ្ដាលឲ្យកម្មករនៅទីនោះ ម្នាក់រងរបួស។

ប៉ុន្តែក្រោយពេលឆេះមួយសន្ទុះប៉ុណ្ណោះ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច ព្រមទាំងម្ចាស់ទីតាំង បានពន្លត់ រលត់ទៅវិញទាំងស្រុង ហើយភ្លើង បានលេបត្របាក់ម៉ាស៊ីនគ្រីបកំប៉ុងអេតចាយ ១គ្រឿង ព្រមទាំងអេតចាយមួយចំនួនផងដែរ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤ និង ៤០នាទីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅជិតវត្តសំបួសមាស ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាន បានឲ្យដឹងថា ឃ្លាំងអេតចាយខាងលើ មានទំហំ ៥០ម៉ែត្រ គុណនឹង ៦០ម៉ែត្រ ប្រភេទសំណង់ថ្មប្រក់ស័ង្កសី ដែលមានម្ចាស់ ឈ្មោះ ឡេង លឹមអ៑ាង ភេទប្រុស អាយុ ៤៣ឆាំ្ន។ នៅមុនពេលកើតហេតុ នៅក្នុងឃ្លាំងអេតចាយខាងលើនេះ មានការដាំស្ល ក្រោយមកក៏ស្រាប់តែផ្ទះកំប៉ុងហ្គាសតូច លាន់សូរ ដូចគ្រាប់កាំភ្លើង បង្កជាអណ្ដាតភ្លើង ឆាបឆេះគំនរអេតចាយ និងម៉ាស៊ីនគ្រីបកំប៉ុងអេតចាយ សន្ធោរសន្ធៅតែម្ដង។

ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះ បានបណ្ដាលឲ្យកម្មករ នៅទីនោះ ម្នាក់រងរបួស រលាកជើងទាំងសងខាង។ ភ្លាមៗនោះ អាជ្ញាធរ និងសមត្ថកិច្ច បានចុះទៅអន្តរាគមន៍។ ចំណែកឯរថយន្តពន្លត់អគ្គិភ័យ បានទៅដល់ចំនួន ៣គ្រឿងជាបន្តបន្ទាប់ ហើយប្រើប្រាស់អស់ចំនួន ៣រថយន្ត ស្មើនឹង ១៥ម៉ែត្រគូប ព្រមទាំងប្រើគ្រឿងចក្រ ជាជំនួយផង ទើបភ្លើងរលត់ទៅវិញទាំស្រុង នៅវេលាម៉ោង ៥ និង ១០នាទីល្ងាចថ្ងៃដដែលនេះ៕

ដកស្រង់ពី៖កោះសន្តិភាព