បណ្តាញសង្គម

ជីដូន​ស​ម្លា​.​ប់​ចៅប្រុស​ បង្កើត​អាយុ​៨​ឆ្នាំ ដោយសារ​អស់​លទ្ធភាព​ចិញ្ចឹម

ខេត្តកំពងស្ពឺ ៖ កម្លាំងសមត្ថកិច្ច នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះទៅសហការជាមួយនគរបាលខេត្តកំពង់ស្ពឺ និងអង្គភាពការពារកុមារ ហៅកាត់ថា CPU បំបែកសំណុំរឿងឃា.តកម្មមួយ គឺជីដូនសម្លា.ប់ចៅបង្កើតរបស់ខ្លួន ដែលដំបូងជីដូនរូបនេះ បានប្រឌិតរឿងទៅប្តឹងសមត្ថកិច្ចបង្កើតថា ជាករណីបាត់ចៅ ។

តាមសមត្ថកិច្ចឲ្យដឹងថា កាលពីវេលាម៉ោង១៧ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ឈ្មោះ ម៉ុម រឿន (ជីដូន) បានទៅប្តឹងសមត្ថកិច្ចពីករណីបាត់ចៅប្រុសឈ្មោះ វណ្ណឌី វីរៈ នៅចំណុចភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច បានបន្តថា លុះវេលាម៉ោង១៦ និង៣០នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋបានប្រទះឃើញសាកស.ពក្មេងប្រុសឈ្មោះ វីរៈ ដេកស្លា.ប់ដោយមានថ្មសង្កត់ពីលើ ស្ថិតនៅជើងភ្នំញញ្ញា ខាងជើងភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន អគ្គស្នងការរងទទួលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងអង្គភាពការពារកុមារ ហៅ CPU បើកការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យ ឈ្មោះ ម៉ុម រឿន អាយុ៦៤ ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាជីដូនបង្កើត) ។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយពីធ្វើការសាកសួរបឋមលើស្ត្រីសង្ស័យឈ្មោះ ម៉ុម រឿន បានសារភាពថា ខ្លួនពិតជាបានសម្លា.ប់ចៅប្រុស ពិតប្រាកដមែន ដោយសារខ្លួន គ្មានសមត្ថភាពចិញ្ចឹមចៅបន្តទៅទៀតទេ ។ បន្ទាប់ពីសាកសួរយកចម្លើយរួចរាល់ នាយកដ្ឋាននគរនបាលព្រហ្មទណ្ឌ បានប្រគល់ជូនជនសង្ស័យឲ្យទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព