បណ្តាញសង្គម

ពេទ្យរុស្ស៊ី បំភ្លឺករណី​កូន​ជនរងគ្រោះ បង្ហោះសារតាមហ្វេសប៊ុក!

ភ្នំពេញ៖ មន្ទីរពេទ្យរុស្ស៊ី ឬមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញប្រកាស បំភ្លឺករណីកូនជនរងគ្រោះម្នាក់ បានបង្ហោះសារតាមហ្វេសប៊ុក ក្រោយពីឪពុក រងគ្រោះដោយជំងឺដាក់សរសៃឈាមខួរក្បាល ហើយចូលពេទ្យសង្គ្រោះបន្ទាន់ កាលពីយប់ម៉ោងជាង ២រំលងអាធ្រាត្រ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

តាមកូនជនរងគ្រោះ គឺមន្ទីរពេទ្យរុស្ស៊ី ទុកជនរងគ្រោះចោលយូរ ហើយតម្រូវឱ្យបង់លុយមុន និងរង់ចាំទូរសព្ទដាស់ពេទ្យស្កេនយូរម៉ោងពេក ទើបជួយជនរងគ្រោះមិនទាន់។ នៅពេលក្រុមគ្រួសារ សម្រេចដឹកជនរងគ្រោះ ទៅប្រទេសវៀតណាម ហើយទម្រាំពេទ្យ អនុញ្ញាត ត្រូវប្រើពេលយូរ។

ក្នុងនោះ សេវាឡានពេទ្យរបស់មន្ទីរពេទ្យរុស្ស៊ី ក៏យកថ្លៃខ្ពស់ ទើបក្រុមគ្រួសារ សម្រេចជួលឡានពេទ្យ មកពីខាងក្រៅ។ តែយ៉ាងណាក៏ដោយ មន្ទីរពេទ្យរុស្ស៊ី បានប្រកាសច្រានចោលនូវការលើកឡើងរបស់កូនជនរងគ្រោះ ដោយបញ្ជាក់ថា ក្រុមគ្រូពេទ្យបានព្យាបាលជួយសង្គ្រោះអស់ពីលទ្ធភាព ក្រោយពបានធ្វើការពិនិត្យ និងវិភាគអមវេជ្ជសាស្ត្រ ទៅតាមលក្ខណៈបច្ចេកទេស ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់រួចមក លទ្ធផលបានបង្ហាញថា អ្នកជំងឺមានដាច់សរសៃឈាមខួរក្បាល បណ្តាលឱ្យហូរឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។

សេចក្តីប្រកាស បន្ថែមថា ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ បានពិភាក្សាជាមួយក្រុមគ្រូពេទ្យផ្នែកឯកជនវះកាត់ខួរក្បាល និងបានពន្យល់អំពីស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដែលហួសពីលទ្ធភាពក្នុងការជួយសង្គ្រោះតាមមធ្យោបាយវេជ្ជសាស្ត្រផ្សេងៗ រួមទាំងការវះកាត់ខួរក្បាលផងដែរ។

ដកស្រង់ពី៖កោះសន្តិភាព