បណ្តាញសង្គម

ទុកម៉ូតូមុខផ្ទះភ្លេចដកសោ ត្រូវចោរលួ.ចបាត់ លុះ​អ្នកស្រុកចាប់បាន បែកធ្លាយជាបងប្អូនឯង

ខេត្តបន្ទាយមានជ័យ ៖ បុរសជាជនសង្ស័យម្នាក់លួចម៉ូតូបងប្អូនឯងរត់មិនរួច ក៏ត្រូវអ្នកស្រុកចាប់បានប្រគល់ឱ្យសមត្ថកិច្ចនៅវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បុរសជាជនសង្ស័យម្នាក់ខាងលើ មានអាយុប្រមាណជាង២០ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមប្រភពពីម្ចាស់ម៉ូតូបានប្រាប់ឱ្យដឹងថា ជនសង្ស័យគឺជាសាច់ញាតិរបស់ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូម៉ាកហ្ស៊ូមម័រអិច ពាក់ផ្លាកលេខ ភ្នំពេញ 1GG-7725 ខណៈពេលទុកមុខផ្ទះភ្លេចដកសោទុកស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួ.ចម៉ូតូពីចំណុចភូមិព្រៃព្រិច ហើយជិះគេចទៅដល់ចំណុចភូមិគីឡូម៉ែត្រលេខ៤ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូដេញតាមចាប់បានទាំងជនសង្ស័យនិងម៉ូតូយកមកវិញបាន។

ម្ចាស់ម៉ូតូបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពលួចម៉ូតូបានប្រគល់ជូនប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល និងម៉ូតូត្រូវបានកម្លាំងនគរបាលប្រគល់ជូនម្ចាស់វិញ ដោយឡែកជនសង្ស័យដែលធ្វើសកម្មភាពលួចម៉ូតូត្រូវបានយកទៅប៉ុស្តិ៍រដ្ឋបាលដើម្បីរៀបចំនីតិវិធីបន្ត ហើយជនសង្ស័យរូបនេះធ្លាប់ធ្វើសកម្មភាពលួចម៉ូតូជាញឹកញាប់ តែពេលនេះអស់ល័ក្ខណ៍ជាប់អន្ទាក់អ្នកស្រុកបានសម្រេច ៕

ដកស្រង់ពី៖កោះសន្តិភាព