បណ្តាញសង្គម

ឃាត់ខ្លួន​មន្ត្រី​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី​ម្នាក់ ដែល​ប្រើ​កាំ​ង​ភ្លើង​ខ្យល់​បា.ញ់​សត្វ​កុក នៅ​បឹង​រំលា​ច

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានអោយដឹងថា ជនម្នាក់ ដែលបាញ់សត្វស្លាបដោយខុសច្បាប់ ត្រូវគេថតបាន ហើយបង្ហោះលើបណ្ដាញសង្គមនោះ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនហើយនៅថ្ងៃអង្គារ៍នេះ ហើយប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើ ។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស អោយដឹងបន្តថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញបណ្ដាញប្រព័ន្ធព័ត៌មានសង្គម បង្ហោះអំពីសកម្មភាពបាញ់សត្វ (សត្វកុក) បុគ្គលដែលបាញ់សត្វកុកនោះ ពាក់អាវយឺតពណ៌ត្រេអ៊ី ដែលមានអក្សរពីខាងក្រោយ “អ.ហ” ជិះរថយន្ដមួយគ្រឿង ម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់រថយន្តចេញចូលទីបញ្ជាការ “អ.ហ” ។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អោយដឹងបន្តទៀតថា «បុគ្គលនោះឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ» ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា អនុវត្តតាមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ។ សូមជម្រាបថា យោងតាមផេកហ្វេសប៊ុកឈ្មោះ Khmer Nature បានបង្ហោះសារ និងរូបភាព នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះថា «តើអូនជាប់ទោសបទល្មើសអ្វី ? មួយគ្រាប់របស់បងប្រហារស្លាបអូនហើយ! តើសង្សារអូនបានអ្នកណាមើលដែរបន្ត បាញ់រួច ខលហៅអ្នកចុះរើស ពិតជាសហការគា្នបានល្អណាស់ ។

គ្រាន់តែចែករំលែកទេ ហើយក៏គ្មានសង្ឈឹមថា នឹងមានចំណាត់ការដែរ ។ ទីតាំង៖ បឹងរការកណ្តាល ទីរួមខេត្តក្រចេះ។ ម៉ោង៖ ប្រហែល ៧និង៣០ នាទីព្រឹក។ សុំលាក់វីដេអូរសិន។ សូមរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធជួយពិនិត្យករណីនេះផង ។ អរគុណរដ្ឋបាលខេត្ដក្រចេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ មន្ទីរបរិស្ថានខេត្តក្រចេះ» ៕

ដកស្រង់ពី៖កោះសន្តិភាព