បណ្តាញសង្គម

​បុរសម្នាក់ ជួញដូរគ្រឿងញៀ.ន មេតំហ្វេតាមីន ជិត ១៥០ក្រាម​ ត្រូវបានតុលាការ ផ្តន្ទាទោស​ដាក់ពន្ធនាគារ ១៤ឆ្នាំ និងពិន័យ ២០លានរៀល

ខេត្តកំពង់ចាម៖ អ្នកនាំពាក្យតុលាការ សាលាដំបូង ខេត្តកំពង់ចាម បានប្រកាសនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ពីករណីសំណុំរឿងព្រហ្មទណ្ឌលេខ ៥៧២ ដែលមានជនត្រូវចោទម្នាក់ ឈ្មោះ ឈុន ហុងលុយ ភេទប្រុស អាយុ ៣៨ឆ្នាំ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ បើកសវនាការជំនុំជម្រះ ពីបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិកងតាណឹង ទី៥ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។

សំណុំរឿងនេះ មានវត្ថុតាងគ្រឿងញៀន ប្រភេទក្រាមម្សៅថ្លា មេតំហ្វេតាមីន ទម្ងន់សរុប ១៨៩,៥៨ក្រាម ហើយលទ្ធផលកោសល្យវិច័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ជាគ្រឿងញៀនប្រភេទក្រាមថ្លា មេតំហ្វេតាមីន ដែលមានកម្រិតភាពសុទ្ធ ៧៨,៦៣% ស្មើនឹង ១៤៩,០៧ក្រាម នៃទម្ងន់សរុប។ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាខេត្តកំពង់ចាម បានសម្រេចផ្តន្ទាទោស ឈ្មោះ ឈុន ហុងលុយ ភេទប្រុស ដាក់ពន្ធនាគារ ១៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០លានរៀល ពីបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៤០នៃច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។ អ្នកនាំពាក្យសាលាដំបូង ខេត្តកំពង់ចាម បានបញ្ជាក់បន្ថែមថា សាលាដំបូងខេត្តកំពង់ចាម នឹងមានវិធានការបន្តយ៉ាងតឹងរ៉ឹង ស្របតាមច្បាប់ ចំពោះពិរុទ្ធជនខាងលើ៕

ដកស្រង់ពី៖កោះសន្តិភាព