បណ្តាញសង្គម

ទីបំផុត! សមត្ថកិច្ច​កោះហៅ​”​អ្នកគ្រូ​លី​”​លក់​អន​ឡាញ តាំងខ្លួនបារមី​ព្រះ​នាង​ឥន្ទ្រ​ទេវី​ចូល​សណ្ឋិត មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់

រាជធានីភ្នំពេញ ៖ ទីបំផុត! នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានកោះហៅបុគ្គលម្នាក់ឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមព្រះនាងឥន្ទ្រទេវី វីរៈក្សត្រី នាសម័យអង្គរ តាមការស្នើសុំកិច្ចអន្តរាគមន៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា មន្ត្រីជំនាញបានកោះហៅបុគ្គលឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ជាម្ចាស់គណនីហ្វេសបុកឈ្មោះ “EN Chariya” និង “កំពូលម៉ូត” ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរូបភាពកាយវិការ និងខ្លឹមសារមិនត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់ដល់ទំនៀមទំលាប់ វប្បធម៌ជាតិ ជាពិសេសធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមព្រះនាងឥន្ទ្រទេវី វីរៈក្សត្រី នាសម័យអង្គរ ដោយសម្តែងថា មានបារមីចូលសណ្ឋិត មកធ្វើការបំភ្លឺ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចូលរួមពីភាគីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តទៀតថា ក្រោយពីបានសាកសួរស្ត្រីឈ្មោះ អេន ចរិយា បានទទួលស្គាល់ នូវកំហុស ដូចខាងក្រោម ៖ ១. បានប្រើប្រាស់ ព្រះកិត្តិនាម ព្រះនាងឥន្ទ្រទេវី ព្រះវីរៈក្សត្រី នាសម័យអង្គរ ថាបានចូលសណ្ឋិតក្នុងខ្លួន ដោយគ្មានមូលដ្ឋាន នៅលើបណ្តាញផ្សព្វផ្សាយសង្គម ។

២. បានប្រើប្រាស់សំលៀកបំពាក់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) មកសម្តែងរាំ និងបកស្រាយថា ក្បាច់របាំមាន១០៨ក្បាច់ ដែលខុសពីការពិត បង្កឲ្យមានការភ័នច្រឡំ ពីសំណាក់សាធារណជន និងប៉ះពាល់ដល់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ ។ មន្ត្រីជំនាញ បានបញ្ជាក់ថា ក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យា បុគ្គលឈ្មោះ អេន ចរិយា បានធានាចំពោះមុខសមត្ថកិច្ច និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយល់ព្រមធ្វើកិច្ចសន្យា ជាលាយលក្ខអក្សរ និងធ្វើវីដេអូសុំទោសជាសាធារណៈ ដល់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកំហុស ដែលខ្លួនបានប្រព្រឹត្តកន្លងមក ។

ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចពាក់ព័ន្ធនឹងបន្តតាមដានសកម្មភាពរបស់បុគ្គលខាងលើ និងអនុវត្តនីតិវិធីបន្ត បើមិនអនុវត្តតាមការសន្យា ។ សូមបញ្ជាក់ដែរថា រយៈពេលកន្លងមកថ្មីៗនេះ គ្រូស្រីម្នាក់ ដែលប្រកាសថា មានជំនាញខាងឱសថបុរាណខ្មែរ ព្យាបាលរោគ ចំនួន១៦មុខ និងខណៈកំពុងផលិតផលអនឡាញសុខៗ ស្រាប់តែប្រែក្លាយខ្លួនស្លៀកពាក់ស ដោយអះអាងថា មានបារមីព្រះនាងឥន្ទ្រទេវីគ្រប់គ្រង ហើយក៏បានចាប់ផ្តើមបង្ហោះភាពច្រើនសន្លឹក និងវីដេអូផ្សេងៗបង្ហាញពីគ្រូស្រីរូបនេះ ធ្វើសកម្មភាពរាំពត់មានពែន នៅប្រាសាទបុរាណខ្មែរ ពិសេសបញ្ចេញកាយវីការ និងទឹកមុខហាក់កំសត់ខ្លាំងណាស់ ធ្វើឲ្យមហាជនមានប្រតិកម្មយ៉ាងខ្លាំង ។ ទោះបី មហាជនប្រតិកម្មរិះគន់ឡើងកក្រើក រហូតដល់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានស្នើឲ្យក្រសួងវប្បធម៌ និងក្រសួងធម្មការ ជួយពិនិត្យមើលជុំវិញរឿងនេះក្តី ក៏គ្រូស្រី ស្នងរូបនេះ ហាក់ធ្វើមិនដឹង មិនឮ។ ថែមទាំងបានទាក់ទាញលោកយាយៗមួយចំនួន នៅភ្នំគូលេន នាំគ្នាមកថ្វាយបង្គំឡើងព្រោងព្រាត ខណៈគ្រូស្រីរូបនេះ បានបញ្ចេញប្ញទ្ធី បញ្ចុះបារមី ចូលដបទឹក សម្រាប់យកទៅផឹក ដើម្បីទទួលបានក្ដីសុខ និងលាភជ័យ ។

កាលថ្ងៃទី០៥ មករា ២០២៤នេះ គ្រូស្រីដែលជាម្ចាស់ហ្វេសប៊ុកផេកឈ្មោះថា «កំពូលម៉ូត» បានចេញមុខមកបង្ហោះវីដេអូ អមដោយសំណេរថា ៖ ដូនចាស់មើលឃើញបារមីព្រះនាង គាត់គោរពណាស់ តែកូនខ្មែរមួយចំនួន បានវង្វេង! ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ សូមអង្គគ្រប់បារមី ដែលជាដូនតាជាតិមើលថា បើនាងខ្ញុំជារូបព្រះនាងស្នង បានលាភសក្ការៈ ពីដូនចាស់ទាំងអស់ ក្នុងវីដេអូនេះ សូមព្រះអង្គធ្វើតាមផ្លូវធម៌បុណ្យ ដែលខ្ញុំសាង។

នៅភ្នំគូលេន ទីកន្លែងដែលស័ក្ដសិទ្ធបំផុត ។ អ្វីដែលគួរហួសចិត្តខ្លាំងនោះ គឺអ្នកគ្រូលី ដែលស្ថិតក្នុងសម្លៀកបំពាក់ឈុតស អង្គុយនៅចំកណ្ដាលជាមួយបុរសជាប្ដី ដែលស្លៀកសដូចគ្នា ខណៈមានមនុស្សប្រុសស្រីវ័យចំណាស់ៗ អង្គុយលើកដៃគោរពសំពះគ្រប់ៗគ្នា ដោយអ្នកគ្រូរូបនេះធ្វើកាយវិការងាកក្បាលចុះឡើងយឺតៗ ដែលចង់បង្ហាញឃើញថា ខ្លួនកំពុងត្រូវបានបារមីព្រះនាងឥន្ទ្រទេវី ចូលសណ្ឋិត។ លាភសករអ្នកគ្រូ បានយកដៃរបស់ខ្លួនទៅដាក់លើក្បាលរបស់ដូនចាស់ៗ និងស្ត្រីវ័យក្មេងពីម្នាក់ទៅម្នាក់ និងក៏បានឲ្យស្ត្រីម្នាក់ផឹកទឹក ស្របពេលដែលមានអ្នកជំនឿដទៃទៀត ក៏បាននាំគ្នាជញ្ជូនទឹកសុទ្ធ ទាំងយួរៗជាបន្ដបន្ទាប់ ដើម្បីយកមកឲ្យគ្រូបញ្ចុះបារមីចូល ក្រែងបានលាភសំណាង ។

នៅម៉ោង១០ព្រឹកថ្ងៃពុធនេះ នៅលើផេកហ្វេសប៊ុក EN Chariya បានបង្ហោះសារថា ៖ «មនុស្សឥឡូវមើលងាយគេ ទាំងខ្លួនមិនមានភាពល្អផង ធ្វើជាមនុស្សពិត កុំមើលងាយគេ បើខ្លួនយើងសុខហើយ អោយរស់ បែបស្ងប់ស្ងាត់ទៅ តែបើចូលចិត្តចេះដឹងរឿងគេហើយបញ្ចាក់ច្បាស់ណាស់ថា អ្នកគ្មានក្ដីសុខ គេដាក់ខ្លួនគោរពជាគុណតម្លៃគេ កុំចង់ជាន់ក្បាលគេ» ៕

ដកស្រង់៖កោះសន្តិភាព