បណ្តាញសង្គម

ប៉ូលិស ប្រកាសអំពាវនាវដល់ពលរដ្ឋ សូម​ផ្ដល់​ព័ត៌មានឲ្យបានលឿន ក្នុងករណីចាញ់បោក​ឧក្រិដ្ឋជន តាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពែញ៖ នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារ «ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ ដើម្បីពង្រឹងសុវត្ថិភាពទប់ស្កាត់បទល្មើសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ នៅទីស្តីការក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ចូលរួមសហការផ្ដល់ព័ត៌មានឲ្យបានលឿន និងទាន់ពេលវេលា ក្នុងករណីចាញ់បោកក្រុមឧក្រិដ្ឋជន តាមប្រព័ន្ធបច្ចេកវិទ្យា មកកាន់ក្រុមការងារ Hotline Scam ដែលមានមន្រ្តីជំនាញប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង និង ៧ថ្ងៃ ក្នុងមួយសប្ដាហ៍ ដោយឆាតទៅ Facebook ផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

លោក នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ក្នុងយុគសម័យទំនើបនេះ ប្រជាពលរដ្ឋជាច្រើន បានធ្លាក់ក្នុងអន្ទាក់របស់ក្រុមឧក្រិដ្ឋជន តាមប្រព័ន្ធបច្ចេកវិទ្យា។ ដូច្នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតក្រុមការងារនេះឡើង ដោយបន្ថែមលើយន្ដការដែលមានស្រាប់ ដើម្បីជួយដល់ប្រជាពលរដ្ឋ។ លោកនាយឧត្តមសេនីយ៍ ក៏បានស្នើសុំការគាំទ្របន្ថែមពីសំណាក់វិស័យឯកជន ពិសេសធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដោយត្រូវសហការឲ្យបានល្អជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសក្រុមការងារ Hotline Scam 24h/7 ដើម្បីជួយអន្ដរាគមន៍បានទាន់ពេលវេលានៅពេលមានហេតុការណ៍កើតឡើង និងដើម្បីធានាដល់ប្រសិទ្ធភាពនៃការបង្ក្រាប។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានមើលឃើញថា បច្ចុប្បន្ននេះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានកើតឡើងស្ទើរាល់ថ្ងៃ ពិសេសកើតឡើងនៅតាមមូលដ្ឋាន ហើយនៅពេលមានបទល្មើសកើតឡើង ប្រជាពលរដ្ឋមានការលំបាកក្នុងការមកដាក់ពាក្យបណ្ដឹង។ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតក្រុមការងារនេះឡើង និងងាយស្រួលឲ្យប្រជាពលរដ្ឋ ដាក់ពាក្យបណ្ដឹង តាមប្រព័ន្ធអនឡាញ។ គួរជម្រាបថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចបង្កើតឲ្យមានក្រុមការងារ Hotline Scam 24/7 ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចដាក់បណ្តឹងអនឡាញ មកកាន់មន្រ្តីជំនាញបានទាន់ពេលវេលា និងឆាប់រហ័ស។

ក្នុងករណីប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមចូលទៅកាន់តំណភ្ជាប់ hotline.police.gov.kh ឬឆាតទៅផេកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈ៕

ដកស្រង់ពី៖កោះសន្តិភាព