បណ្តាញសង្គម

មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួន ៤​នាក់

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យ បានធ្វើការស្រាវជ្រាវ នឹងបើកការស៊ើបអង្កេត កំណត់មុខសញ្ញា តាមរយៈកាមេរ៉ាសុវត្ថិភាព នៅវេលាម៉ោង១២និង៥៥នាទីត្រង់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចផ្លូវប៉េតុង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នឹងបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ទៀត វេលាម៉ោង១៤និង០៥នាទីថ្ងៃដដែល នៅចំណុចផ្លូវប៉េតុងធំ ក្នុងបុរីផុនស៊ុយ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌបានអោយដឹងថា ជនសង្ស័យចំនួន៤នាក់ រួមមាន ៖

១. ឈ្មោះ សាយ មេសា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (អ្នកបើក)

២. ឈ្មោះ ពៅ សុខហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ (ដៃដល់)

៣. ឈ្មោះ សាន សុងរ៉ាយុក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (បិទគូទ)

៤. ឈ្មោះ រ៉ុម ណារិ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ (បិទគូទ) ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ បានបបញ្ជាក់ថា មុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញខាងលើនេះ បានធ្វើសកម្មភាព នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៩និង៤០នាទី បានឆក់ទូរសព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូស្តុបពី ម្នាក់ឯង បានសម្រេច នៅចំណុចផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមរយៈកាមេរ៉ាសុវត្ថិភាព កម្លាំងជំនាញបានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់មុខសញ្ញាបាន ឈានដល់ការឃាត់ខ្លួន ។

សំភារដកហូតរួមមាន ៖

១. ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1KN-2584(របស់ជនសង្ស័យ)។

២. ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ1M-1078(របស់ជនសង្ស័យ)។

បច្ចុប្បន្ន ជនសង្ស័យនឹងវត្ថុតាងខាងលើ ត្រូវបានការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕

ដកស្រង់ពី៖កោះសន្តិភាព