បណ្តាញសង្គម

លួ.ច​ម៉ូតូបាន​២​ថ្ងៃ ​ត្រឡប់​មកជាប់​អន្ទា.ក់វិញ ដោយសារនាង​ប្រើល្បិ.ចមួយ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានលួចយកម៉ូតូរបស់ស្ត្រីរងគ្រោះ ពេលនាងជិះម៉ូតូអស់សាំង ក៏បានប្រើល្បិចទៅទិញសាំងអោយជនរងគ្រោះ ពេលនាងដេម៉ូតូមិនឆេះ ជនសង្ស័យក៏ធ្វើជាមកជួយដេម៉ូតូទៀត លុះដេម៉ូតូឆេះ ក៏ជិះម៉ូតូគេចខ្លួនបាត់តែម្តង ។

បន្ទាប់ពីលួចម៉ូតូបាន២ថ្ងៃ ជនសង្ស័យជាប់អន្ទាក់ជនរងគ្រោះវិញ ដោយសារនាងប្រើល្បិ.ចថា ចង់រួមមេត្រី ។ ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវលេខ105K ភូមិក្បាលដំរីទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ជា សុភ័ណ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជិះកង់លក់ម្រេច ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិសិម្ពលី ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ចំណែកស្ត្រីរងគ្រោះឈ្មោះស្រីអូន អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ។ តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៧យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវជាតិលេខ២ នៅចំណុចវត្តបិទមាស ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ជនរងគ្រោះជិះម៉ូតូអស់សាំង នៅតាមដងផ្លូវ ។

ពេលនោះជនរងគ្រោះដាច់លុយផង ស្រាប់តែមានជនសង្ស័យចេញពីក្នុងវត្តបានអោយជនរងគ្រោះបណ្តើរម៉ូតូឆ្លងផ្លូវ មកក្នុងវត្តហើយជនសង្ស័យរត់ទៅទិញសាំងអោយជនរងគ្រោះ ខណៈពេលជនរងគ្រោះដេម៉ូតូមិនឆេះ ជនសង្ស័យជួយធ្វើម៉ូតូមួយសន្ទុះ ពេលម៉ូតូឆេះវិញ ជនសង្ស័យជិះរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះបានសួរនាំព្រះសង្ឃដែលគង់នៅចាំវត្តបិទមាស បាននិយាយប្រាប់ថា ជនសង្ស័យជិះកង់មកសុំវត្តស្នាក់នៅអាស្រ័យសិន ដោយបន្សល់ទុកកង់មួយគ្រឿងនៅក្នុងវត្ត ទើបជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងភ្លាមៗ ។

តាមប្រភពព័ត៌មានពីស្ដ្រីរងគ្រោះបាននិយាយប្រាប់ទៀតថា នៅថ្ងៃទី៤ ខែកុម្ភៈ ជាថ្ងៃកើតហេតុ ជនសង្ស័យបានតេមកលេខគូដណ្ដឹងជនរងគ្រោះ ដោយទាក់ទងតាមតេឡេក្រាម ហើយគូដណ្ដឹងជនរងគ្រោះបានតាំងរូបក្នុងតេឡេក្រាម ដាក់រូបស្រីស្អាត ទើបគូដណ្តឹងរបស់ជនរងគ្រោះ ឲ្យជនរងគ្រោះទាក់ទងជាមួយជនសង្ស័យ ដោយធ្វើជានារីបម្រើសេវាកម្សាន្ត និងបបួលណាត់ជួបជនសង្ស័យ បឿក ។

ស្ត្រីរងគ្រោះបានបន្តថា ដោយបានណាត់ជួបគ្នានៅម្តុំផ្សារតាំងកសាង ពេលនោះជនរងគ្រោះ មានគ្នា៣នាក់ (ប្រុស២នាក់) ជិះម៉ូតូ២គ្រឿង ចំណែកជនរងគ្រោះជិះម៉ូតូកង់បី ។ ពេលជួបគ្នា ជនសង្ស័យបានសួរនាំជនរងគ្រោះថា ២នាក់នោះ ជាអ្នកណា? ជនរងគ្រោះបានប្រាប់ថា អត់ដឹងទេគាត់ ជិះម៉ូតូកង់បីមកទេ ។ ស្ត្រីរងគ្រោះបានបន្តទៀតថា បន្ទាប់មកស្ត្រីរងគ្រោះសួរជនសង្ស័យថា បងមានថ្នាំលេបអត់?

ព្រោះនាងដូចអត់សូវស្រួលខ្លួន ហើយជនសង្ស័យបានប្រាប់ថា មាន ចាំទៅយកអោយ ។ បន្ទាប់មក ជនសង្ស័យមានការសង្ស័យក៏បានរត់ តែជនរងគ្រោះស្រែកថា ចោរៗ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជពលរដ្ឋ នាំគ្នាឃាត់បានភ្លាមៗយកមកប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី១ ដើម្បីសួរនាំ តែនគរបាលប៉ុស្តិ៍កាកាបទី១ បានសួរនាំដឹងថា កើតហេតុនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល និងជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចជនរងគ្រោះនិយាយពិតប្រាកដមែន ហើយម៉ូតូរបស់ជនរងគ្រោះខាងលើ ត្រូវបានខ្លួនយកទៅលក់នៅម្តុំផ្សារថ្នល់ទទឹង ខេត្តកំពង់ស្ពឺ ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍កាកាបទី២នៃអធិការនគរបាលខណ្ឌពោធិសែនជ័យ បានប្រគល់ជនសង្ស័យអោយកំលាំងសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល យកទៅសួរនាំដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

ដកស្រង់ពី៖កោះសន្តិភាព