បណ្តាញសង្គម

ប៉ូលិសចរាចរណ៍ម្នាក់ ជិះម៉ូតូ មិនពាក់មួក​សុវត្ថិភាព ហើយនិយាយទូរសព្ទ ត្រូវគេថត​បង្ហោះ​ហ្វេសប៊ុក ចុងក្រោយ​ ពិន័យ​ ១៤​ម៉ឺនរៀល​

ភ្នំពេញ៖ ប៉ូលិសចរាចរណ៍ម្នាក់ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព ហើយនិយាយទូរសព្ទ ត្រូវបានគេថតបង្ហោះហ្វេសប៊ុក។ នៅពេលនេះ ប៉ូលិសចរាចរណ៍នោះ បានទទួលស្គាល់កំហុស និងបង់ប្រាក់ពិន័យ ១៤ម៉ឺនរៀលហើយ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រកាស ឆ្លើយតប នឹងគេហទំព័រ ព័ត៌មាន CRN News live24h ដែលបានបង្ហោះវីដេអូ ដែលមានខ្លឹមសារថា «ចាប់ពលរដ្ឋ អោយគោរពច្បាប់ចរាចរណ៍។ ចំណែកខ្លួនឯង ជាមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ បែរជាជិះម៉ូតូអត់ពាក់ម៉ួកសុវត្តិភាព ហើយនិយាយទូរស័ព្ទ ធ្វើព្រងើយ មិនខ្មាស់ប្រជាពលរដ្ឋបន្តិចណាសោះ»។

បន្ទាប់ពីទទួលបានព័ត៌មានរួច ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានលើកឡើងថា នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សាមីខ្លួនឈ្មោះ សែ សុវណ្ណឌី អត្តលខ ៦៣៥៣៧ តួនាទី នាយរងការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស័្មគ្រចិត្ត ទទួលកំហុស និងបង់ប្រាក់ផាកពិន័យ ទៅតាមច្បាប់ ចំនួនពីរអំពើល្មើស នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រួចរាល់ហើយ សរុបទឹកប្រាក់ពិន័យ ចំនួនពីរអំពើល្មើស ចំនួន ១៤០ ០០០ (ដប់បួនម៉ឺន)រៀល៕

ដកស្រង់ពី៖កោះសន្តិភាព