បណ្តាញសង្គម

ឆ្មក់ចូលសង្វៀនមាន់ ចាប់​អាគក០៣ក្បាល ម៉ូតូ១០គ្រឿង រីឯអ្នកជល់រត់ពេញចម្ការ​

ខេត្តបាត់ដំបង ៖ អាគកយ៉ាងតិច៣ក្បាល និងម៉ូតូចំនួន១០គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថរឹបអូសបានក្នុងកិច្ចប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង កាលពីរសៀលថ្ងៃទី១១ មីនា ខណៈអ្នកញៀននឹងល្បែងនេះ រាប់សិបនាក់កំពុងស្រែកហ៊ោសប្បាយនៅក្នុងចម្ការដូងប្រេងមួយកន្លែង នៅភូមិស្នូល ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក តែអ្នកប្រព្រឹត្តបានរត់ប្រសាចពេញចម្ការដូង ។

បើតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា វត្ថុតាងល្បែងស៊ីសងខាងលើនេះ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹករឹបអូសបានពេលចុះបង្ក្រាបសង្វៀនជល់មាន់នៅចំណុចខាងលើ ។

សេចក្ដីរាយការណ៍ដដែលបានឱ្យដឹងទៀតថា មនុស្សរាប់សិបនាក់បាននិងកំពុងប្រមូលផ្ដុំគ្នាស្រែកហ៊ោយ៉ាងសប្បាយពេញចម្ការដូងប្រេង ស្រាប់តែងើបរត់ប្រសាចពេញចម្ការពេលឃើញកម្លាំងសមត្ថកិច្ចចុះទៅព័ទ្ធចាប់ ។ ប៉ុន្តែដោយកម្លាំងសមត្ថកិច្ចមិនតុល្យភាពជាមួយក្រុមអ្នកញៀនល្បែង ទើបកន្ទ្រប់បានតែមាន់៣ក្បាល និង ម៉ូតូ១០គ្រឿង រីឯអ្នកលេងរាប់សិបនាក់រត់រួចអស់ ។ ក្រៅពីចាប់បានអាគកបីក្បាល និងម៉ូតូ១០គ្រឿង សមត្ថកិច្ចក៏បានរុះរើសង្វៀនជល់មាន់ចំនួនពីរដឹកយកទៅកាន់ទីបញ្ជាការដែរ ដើម្បីចាត់ការតាមនីតិវិធី ។

ពាក់ព័ន្ធនឹងសង្វៀនជល់មាន់នៅក្នុងចម្ការដូងប្រេងខាងលើនេះ បើតាមប្រភពព័ត៌មានបានឱ្យដឹងដែរថា ក្រុមអ្នកញៀននឹងល្បែងបញ្ជល់មាន់ តែងណាត់ប្រមូលផ្ដុំគ្នាជួបជុំនៅក្នុងចម្ការដូងប្រេងខាងលើនេះ ស្ទើររាល់សប្ដាហ៍ ។ មូលហេតុដែលក្រុមអ្នកជល់មាន់ណាត់ជួបគ្នានៅទីនោះ ព្រោះជាទីតាំងដែលមានភូមិសាស្ត្រល្អ កម្រសមត្ថកិច្ចដឹង និងពិបាកចូលបង្ក្រាប លើកលេងតែមន្ត្រីមូលដ្ឋានប៉ុណ្ណោះ ដែលដឹងច្បាស់ ។

ប៉ុន្តែយ៉ាងណា ពេលនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំព្រឹក ឆ្មក់ចូលទៅបង្ក្រាបហើយ តែគេរង់ចាំតាមដានបន្តថា តើក្រុមអ្នកញៀននឹងល្បែងជល់មាន់នេះ នឹងណាត់ប្រមូលផ្ដុំគ្នាបង្កើតសង្វៀននៅតំបន់ណាទៀត ខណៈអាជ្ញាធរខេត្តបញ្ជាឱ្យធ្វើការបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទមិនថា តូច ឬធំឡើយ៕

ដកស្រង់ពី៖កោះសន្តិភាព