បណ្តាញសង្គម

តុលាការ​ខេត្តសៀមរាប សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ឈ្មោះ ឡេ​ង ចាន់​ណា និង​បក្ខពួក ចំនួន​០៣​បទល្មើស

ខេត្តសៀមរាប ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានអោយដឹងថា បន្ទាប់ពីបានធ្វើការស្តាប់ចម្លើយ ពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានា នៅក្នុងសំណុំរឿងឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុងទំហំទឹកប្រាក់ រាប់លានដុល្លារ តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់ទៅលើជនសង្ស័យ រួមមាន ៖ ១. ឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ អគ្គនាយិកា ២. ឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ៣០ឆ្នាំ ជាអគ្គនាយករង ៣. ឈ្មោះ ផុន សាមាន ភេទប្រុស អាយុ៣១ឆ្នាំ ជាអគ្គនាយករង ៤.បក្ខពួក ។

តំណាងអយ្យការ បានធ្វើការចោទប្រកាន់ចំនួន០៣បទល្មើស រួមមាន ៖ ពីបទ ៖ ១. ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ ។ ២. មិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់) តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។ ៣.សម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

តំណាងអយ្យការ បានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប៊ីលានស៊ីធី វើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១២៣៦ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ និងសំណុំរឿងព្រហ្មទណ្ឌលេខ ២៣១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ៕

ដកស្រង់ពី៖កោះសន្តិភាព