បណ្តាញសង្គម

បង្ក្រាប​បាន​៤​នាក់ ជា​ក្រុម​ក្មេង​ទំនើង​រហ័ស​នាម RSK វាយ​គ្នា​យ៉ាង​អនាធិបតេយ្យ នៅ​ខណ្ឌ​បឹង​កេងកង

រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើងរហ័សនាម RSK ដែលដេញកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ នៅខណ្ឌបឹងកេងកង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជនដៃដល់៤នាក់ បញ្ជូនទៅតុលាការ ។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉ែង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន ព្រមទាំងដឹកនាំប្រតិបត្តិការដោយលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ទោ ឃុត ជីវុឌ្ឍ នាយរងការិយាល័យ ។

កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុចមុខវត្តលង្កា មហាវិថីព្រះសីហនុ២៧៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង០៤នាក់ ៖ ទី១-ឈ្មោះ សាខន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ទី២-ឈ្មោះ ឌឿ តុលា ភេទប្រុស អាយុ១៧ឆ្នាំ ទី៣-ឈ្មោះ ស៊ុត រ៉ានុត ភេទប្រុស អាយុ១៨ឆ្នាំ ទី៤-ឈ្មោះ ឡី លឿន ភេទប្រុស អាយុ៣០ឆ្នាំ។ សម្ភារៈ និងវត្ថុតាងដកហូត រួមមាន ៖ ១៖ ម៉ូតូម៉ាក SUZUKI Nex2 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KJ-9311 ២៖ ម៉ូតូម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HI-7975 ៣៖ ទូរសព្ទដៃចំនួន ៤គ្រឿង ៤៖ ដាវវែង ចំនួន០៣ដើម ៥៖ កាំបិតផ្គាក់ ចំនួន០២ដើម ៦៖ កាំបិតបុ័ងតោ ចំនួន០២ដើម ៧៖ កាំបិតចិតបន្លែ ចំនួន០១ដើម ៨៖ សោ មួយចំនួន ៩៖ សោម៉ូតូ ចំនួន០២គ្រាប់ ១០៖ ដុំថ្ម មួយចំនួន ១១៖ ស្លាកលេខម៉ូតូ ០២សន្លឹក (កណ្ដាល 1R-1273) (កណ្ដាល 1N-3746) ១២៖ សំបកគ្រាប់កាំភ្លើង ចំនួន០១គ្រាប់ ។ បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព