បណ្តាញសង្គម

ចាប់បានចោរលួ.ចកង់ នាងសារភាពថា អត់លុយ​មើលកូនឈឺ ទើបដា.ច់ចិត្តធ្វើបែបនេះ

រាជធានីភ្នំពេញ ៖ ស្ត្រីជាជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចកង់កូនក្មេង តែត្រូវម្ចាស់គេទាន់ ឃាត់ខ្លួនបានប្រគល់ឱ្យអាវុធហត្ថយកទៅធ្វើការសាកសួរ និងអប់រំ ហើយនាងបានឆ្លើយសារភាពថា ដោយសារតែអត់មានលុយមើលកូនឈឺ ទើបដាច់ចិត្តលួចកង់បែបនេះតែម្ដង។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ៣០ម៉ែត្រ ហៅទ្រុងមាន់ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ស្ត្រីជាជនសង្ស័យ ជនសង្ស័យ និងជនរងគ្រោះ មិនត្រូវបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា ស្ត្រីជាជនសង្ស័យប្រកបរបររើសអេតចាយ ចំណែកជនរងគ្រោះជាអ្នករស់នៅក្នុងបុរីជ័យជម្នះ ។ តាមប្រភពពីស្ត្រីជាជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់និងក្រុមគ្រួសារបានហូបបាយជុំគ្នារួចហើយ ក៏រៀបចំចូលផ្ទះសំរាន ដោយទុកកង់របស់កូនគាត់អាយុប្រហែល៨ឆ្នាំ នៅខាងមុខផ្ទះ ។

តាមប្រភពដដែលបន្តទៀតថា ពេលនោះដែរ រូបគាត់ក៏មិនចាប់អារម្មណ៍ថាបាត់កង់នោះដែរ ដោយសារតែជិះម៉ូតូមកផ្ទះ សួរនាំថាអត់ឃើញកង់ ទើបផ្អើលជិះដើររក ក៏ប្រទះឃើញស្ត្រីជាជនសង្ស័យ កំពុងតែជិះនៅលើផ្លូវ៣០ម៉ែត្រ ក៏ចាប់ឃាត់តែម្ដង ហើយនៅពេលឃាត់បានហើយ រូបគាត់បានត្រឹមឱ្យស្ត្រីជាជនសង្ស័យសុំទោសតែប៉ុណ្ណោះ តែស្ត្រីជាជនសង្ស័យមិនព្រមសុំទោស បែរជាប្រើពាក្យសម្ដីមិនសមរម្យមករូបគាត់ជាម្ចាស់កង់ថែមទៀតផង។ ស្ត្រីជាម្ចាស់កង់ ដោយឡែកស្ត្រីជាជនសង្ស័យវិញបាននិយាយថា ដោយសារតែរូបគាត់អត់មានលុយមើលកូនឈឺ ទើបដាច់ចិត្តលួចកង់បែបនេះតែម្ដងទៅ ។

ពាក់ព័ន្ធករណីខាងលើនេះដែរ ក៏មានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានចុះទៅកន្លែងកើតហេតុដើម្បីអន្តរាគមន៍សួរនាំពីដំណើររឿង និងបានឆែកឆេរកាបូបស្ពាយរបស់ស្ត្រីជាជនសង្ស័យ ក៏ស្រាប់តែរកឃើញមានឧបករណ៍សម្រាប់ឆ្កឹះសោរមួយឈុតផងដែរ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ គឺគ្រាន់តែប្រគល់ស្ត្រីជាជនសង្ស័យឱ្យកម្លាំងអាវុធហត្ថខណ្ឌមានជ័យយកស្ត្រីរូបនោះទៅធ្វើការអប់រំណែនាំទៅបានហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព