បណ្តាញសង្គម

ចាប់ខ្លួន​មន្ត្រី​នគរបាល​ផ្កាយ​២​ម្នាក់ តាម​ដីកា​តុលាការ ពាក់ព័ន្ធ​ករណី​ឆបោក

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ អេង សាវឿន តួនាទីជា អនុប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោកលុយជាង ៥ម៉ឺនដុល្លារអាមេរិក រឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ។

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សូមគោរពរាយការណ៍ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ នៅវេលាម៉ោង០៨ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យបានស្រាវជ្រាវនាំខ្លួនជនសង្ស័យចំនួន ០១នាក់ នៅចំណុចផ្លូវលេខ៤៦៦ ប្រសព្វផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទ ៖ ឆបោក ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧,២២,២៧ ខែកញ្ញា ឆ្នាំ២០២១ អនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៣១៩«ឆ១»ដ.ច.ន ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចេញដោយលោក ហម ម៉េងសែ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធី។ ជនសង្ស័យឈ្មោះ អេង សាវឿន ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលជាតិ ទីលំនៅបច្ចុប្បន្នផ្ទះលេខ០២អឺ០ ផ្លូវលំ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព