បណ្តាញសង្គម

បា.ត់គោ១ក្បាល! ម្ចាស់​ទៅប្តឹង ក៏ស្រាវជ្រាវរកឃើញចោរកំពុងព.ន្លះយកសា.ច់

ខេត្តក្រចេះ ៖ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ បានទទួលពាក្យបណ្ដឹងផ្ទាល់មាត់ពីឈ្មោះស្លេះ យូសុះ ភេទប្រុស អាយុ៤៦ឆ្នាំ ជាខ្មែរអ៊ិស្លាម រស់នៅភូមិជើងឃ្លូ ឃុំ២ធ្នូ ថា នៅវេលាម៉ោងប្រហែល៨ ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ គាត់បានយកគោជាច្រើនក្បាល ទៅចងឱ្យស៊ីស្មៅនៅលើដីចម្ការរបស់អ្នកស្រុក ស្ថិតក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

លុះដល់វេលារសៀលថ្ងៃដដែល គាត់ក៏បានទៅយកគោមកផ្ទះវិញ ស្រាប់តែពេលទៅដល់គាត់ក៏បានដឹងថា បាត់គោ១ក្បាលត្រូវចោរលួចយកទៅបាត់ ។

ឃើញដូច្នោះទើបនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៤ គាត់ជាម្ចាស់គោក៏បានទៅរាយការណ៍ និងប្តឹងផ្ទាល់មាត់នៅស្នាក់ការសមត្ថកិច្ចនគរបាលមូលដ្ឋាន ។

ក្រោយពីទទួលបានបណ្ដឹងនោះភ្លាម សមត្ថកិច្ចនគរបាលជំនាញស្រុក សហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាល ក្រោមការចង្អុលបង្ហាញពីលោកឧត្តសេនីយ៍ទោ ស្នងការ នគរបាលខេត្ត បានចុះទៅធ្វើការពិនិត្យស្រាវជ្រាវ និងឈានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពី រ៉ហាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់ នៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងដកហូតសម្ភារវត្ថុតាង សត្វគោងាប់ ចំនួន១ក្បាលដែលជនសង្ស័យកំពង់ពន្លះយកសាច់ ។ ពេលឃាត់ខ្លួនជនសង្ស័យបានសារភាពថា រូបគេ និងបក្ខពួក២នាក់ទៀត ពិតជាបានធ្វើសកម្មភាពលួចគោ១ក្បាល របស់ឈ្មោះ ស្លេះ យូសុះ ដើម្បីពន្លះយកសាច់ទៅលក់ប្រាកដមែន ។

បន្ទាប់ពីស្តាប់នូវចម្លើយ និងយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ករណីបង្ក្រាបជាក់ស្តែង សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព