បណ្តាញសង្គម

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​បទល្មើស​កា.ប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ រាប់​សិប​កន្លែង​ ក្នុង​ទំហំ​ច្រើន​ពាន់​ហិ​កតា

ខេត្តមណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ យកជាកម្មសិទ្ធិផ្ទាល់ខ្លួន កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដែលដឹកនាំបញ្ជាដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញាររង អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា សមត្ថកិច្ចបានរកឃើញទីតាំងដីព្រៃរបស់រដ្ឋ រាប់សិបកន្លែង ក្នុងទំហំច្រើនពាន់ហិកតា ត្រូវគេអារកា.ប់ផ្តួលព្រៃឈើរដូករណែល រួចដុតឆេះផ្សែងហុយពេញអាកាស គួរឲ្យសង្វែកបំផុត ។

ទីតាំងដែលកម្លាំងប្រតិបត្តិការបង្ក្រាប រកឃើញមានសកម្មភាពកាប់រានដីព្រៃ ដ៏មហាសាលខាងលើ ដែលអាចហៅបានថា ជាវិនាសសកម្មព្រៃឈើ នាដើមឆ្នាំ២០២៤នេះ ព្រោះដីព្រៃមួយភាគធំ បានរងការកាប់បំផ្លាញ សល់តែផេះ រួចទៅហើយ គឺស្ថិតនៅភូមិសាស្ត្រឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលទំនងទទួលបានភ្លើងខៀវពីជនដែលមានការពាក់ព័ន្ធនឹងសកម្មភាពកាប់រានទន្ទ្រាន និងកាន់កាប់ដីរបស់រដ្ឋ ដ្បិតទីតាំងកាប់រានដីព្រៃរដ្ឋ ធ្វើកម្មសិទ្ធិបុគ្គលនេះ ស្ថិតមិនឆ្ងាយពីប្រជុំជនស្រុកពេជ្រាដា ដែលបណ្តុំទៅដោយស្ថាប័នកម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុក ។

ទោះជាយ៉ាងណាគិតត្រឹមល្ងាចថ្ងៃទី២០ មីនានេះ គេនៅមិនទាន់ដឹង អំពីទំហំផ្ទៃដីព្រៃជាក់ស្តែង ដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបាននេះទេ ដោយតាមការបញ្ជាក់ពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ថាប្រតិបត្តិការនៅតែបន្តរាល់ថ្ងៃ រហូតអាចគ្រប់គ្រងសភាពការបទល្មើស នៅចំណុចទាំងនោះបានទាំងស្រុង នឹងបូកសរុបរបាយការណ៏ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។

ដោយឡែកអ្នកជាប់ពាក់ព័ន្ធ ឬអ្នកធ្វើសកម្មភាពផ្ទាល់ សមត្ថកិច្ចពិបាកក្នុងការតាមចាប់ខ្លួន ដោយសារភូមិសាស្ត្រស្មុគស្មាញព្រៃធំ ម្យ៉ាងសកម្មភាពរបស់កម្លាំង ទើបចុះដល់ ពួកគេរត់គេចខ្លួនបានអស់ តែម្តង ។ យោងតាមព័ត៌មានក្រៅផ្លូវការ ផ្ទៃដីព្រៃដ៏ធំល្វឹងល្វើយ មានដើមឈើធំៗ ដែលត្រូវក្រុមជនល្មើសកាប់រាន បំផ្លាញគ្មានសេសសល់នេះ អាចមានទំហំប្រមាណពីរពាន់ ទៅបីពាន់ហិកតាឯណោះ។

ចំណែកអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ឋ ប្រាកដណាស់ គេជឿជាក់ថា មិនអាចគេចរួចពីសំណាញ់ច្បាប់ឡើយ ព្រោះប្រតិបត្តិការនេះ ទទួលបានការយកចិត្តទុកដាក់ជាខ្លាំង ពីអភិបាលខេត្តមណ្ឌលគិរី ដើម្បីចាប់ខ្លួនជនសង្ស័យ និងប្រមូលផ្តុំរាល់វត្ថុតាង ដែលទាក់ទងជាមួយបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាកាតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព