បណ្តាញសង្គម

នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្រោយ​ឆក់​ទូរ​សព្ទ​ដៃ​១​គ្រឿង​ពី​ជន​រង​គ្រោះ

រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទដៃជនរងគ្រោះ ១គ្រឿងម៉ាក iPhone12promax ។

យោងតាមរបាយការណ៍ បានឱ្យដឹងថា សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានធ្វើការបង្ក្រាបជាក់ស្តែង ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃ០១គ្រឿង) នៅចំណុចផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល១៧និង០០នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។

ជនសង្ស័យទាំង២នាក់ រួមមាន ៖ ១-ឈ្មោះ អុប សុផាណេត ហៅណេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។ ២-ឈ្មោះ ថាវ៉ារិន សារ៉ាយុទ្ធ ហៅយុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។

សម្ភារៈ ដែលដកហូតបាន រួមមាន ៖ ១-ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KB-2474 (មធ្យោបាយរបស់ជនសង្ស័យ) ២-ទូរសព្ទដៃម៉ាក អាយហ្វ៊ូន ១២ប្រូមេក ពណ៌ប្រផេះ (របស់ជនរងគ្រោះ) ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព