បណ្តាញសង្គម

ឆ​.​ក់​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់ ២៤​ម៉ោង​ក្រោយមក​ ជាប់​ខ្នោះ​​បាន​​សម្រេច

ខេត្តបាត់ដំបង ៖ អតិតទណ្ឌិតម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនជាថ្មីទៀត កាលពីវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី២៨ មីនា ស្ថិតនៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ក្រោយពីជននេះ បានធ្វើសកម្មភាព «ឆក់យកទូរស័ព្ទ» ពីនារីម្នាក់បានសម្រេច ពេលនាងកំពុងជិះម៉ូតូតាមផ្លូវ ។

លោក ឈឿង គឹមសុង ស្នងការរងទទូលដឹកនាំការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ជនដៃដល់ឈ្មោះ មុត ប៊ុនធឿន អាយុ៣៦ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលើ និងជាអតីតទណ្ឌិតធ្លាប់ជាប់គុកម្ដង ក្នុងបទល្មើស «ចោរកម្ម» ។ លោកថា ជននេះត្រូវកម្លាំងការិយាល័យជំនាញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាព«ឆក់យកទូរស័ព្ទ»ពីនារីម្នាក់ឈ្មោះថា ស្រីនុត អាយុ២៦ឆ្នាំ ពេលនាងកំពុងធ្វើដំណើតាមផ្លូវ ។

កាលពីវេលាម៉ោង១០និង៥៩នាទីព្រឹកថ្ងៃទី២៧ មីនា អតិតទណ្ឌិតខាងលើនេះ បានជិះម៉ូតូម៉ាកស្កុពី ធ្វើសកម្មភាព «ឆក់យកទូរស័ព្ទ»ពីនាររងគ្រោះខាងលើ នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។ ក្រោយឆក់បានសម្រេច ជននេះបានព្យាយាមជិះគេចខ្លួន តែអកុសល្យសកម្មភាពទុច្ចរិករបស់ជនសង្ស័យ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ដែលគេបំពាក់ខាងមុខផ្ទះនៅចំណុចកើតហេតុ។

សមត្ថកិច្ចបានត្រួតពិនិត្យរូបភាពជនសង្ស័យ រហូតកំណត់មុខសញ្ញាបាន លុះ២៤ម៉ោងក្រោយ ក៏ត្រូវឃាត់ខ្លួនជនដៃដល់រូបនេះដល់ផ្ទះតែម្ដង ។ លោក ឈឿង គឹមសុង បានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួនមន្ត្រីជំនាញបានដកហូតវត្ថុតាងបានមកវិញ (ទូរស័ព្ទ) និងបានប្រគល់ជូនជនរងគ្រោះវិញហើយ តាមគោលការណ៏របស់លោកស្នងការខេត្ត។ ពេលនេះលោកស្នងការបានបញ្ជាឲ្យមន្ត្រីជំនាញ បានកសាងសំណុំរឿងបញ្ជូនខ្លួនអតិតទណ្ឌិតរូបនេះ ទៅសាលាដំបូងខេត្តហើយ៕

ដកស្រង់ពី៖កោះសន្តិភាព